សហរដ្ឋអាមេរិក៖ ឥទ្ធិពលព្យុះដ៏កំណាច Hurricane Milton បានបំផ្លិចបំផ្លាញប្រទេសអាមេរិកជាពិសេសគឺនៅរដ្ឋ Florida ទាំងមូលតែម្តង ដែលបណ្តាលឱ្យឧស្សាហកម្មជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរហូតដល់ ១៧៥ ពាន់លានដុល្លារ។
យោងតាមអ្នកវិភាគនាំមុខគេនៅ Wall Street បានឱ្យដឹងថា នេះគឺជាគ្រោះធម្មជាតិដ៏ធំបំផុតក្នុងរយៈពេល ១០០ ឆ្នាំម្តង ដែលកាលពីមួយសតវត្សមុនឥទ្ធិពលព្យុះនេះបានបន្សល់ទុកការបំផ្លិចបំផ្លាញដល់ទៅ ៥០ ពាន់លានដុល្លារ ខណៈនាពេលបច្ចុប្បន្នវាក៏បានធ្វើឱ្យអាមេរិកខាតបង់ប្រាក់រហូតដល់ ១៧៥ ពាន់លានដុល្លារម្តងទៀត។
ព្យុះដ៏កាចសាហាវ Milton បានចាប់ផ្តើមបោកបក់នៅរដ្ឋ Florida កាលពីល្ងាចថ្ងៃទី ៩ ខែតុលាកន្លងទៅ ដោយគិតត្រឹមថ្ងៃទី ១០ ខែតុលា ខ្យល់ព្យុះកំបុតត្បូងរាប់សិបនៅក្នុងព្យុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ ក៏ដូចជាបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីពេទ្យ និងផ្លូវថ្នល់ជាច្រើនក៏ត្រូវបានរងការខូចខាត ដើមឈើដួលរលំ ក៏ដូចជាលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ ដូច្នេះនេះគឺជាព្យុះទី ៥ ហើយដែលបានបោកបក់តំបន់នានានៃសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាអ្នកជំនាញបានវាយតម្លៃថា Milton គឺជាព្យុះធំជាងគេបំផុតក្នុងចំណោមព្យុះទាំង ៥ នេះដែលបានវាយប្រហារតំបន់ជាច្រើននៃរដ្ឋ Florida នេះមានន័យថា ឥទ្ធិពលព្យុះសង្ឃរា Hurricane Milton គឺជាព្យុះដែលបណ្តាលឱ្យមានការខាតបង់ដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្រ្ត។ ទោះបីជាយ៉ាងនេះក្តី បច្ចុប្បន្នព្យុះសង្ឃរា Hurricane Milton ហាក់ដូចជាធូរស្រាលបន្តិចហើយ ដូច្នេះអាជីវកម្ម ក៏ដូចជាឧស្សាហកម្មផ្សេងៗរំពឹងថានឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ដែរថា Hurricane Milton គឺជាព្យុះដ៏ធំបំផុតមិនធ្លាប់មាន ដែលបានគម្រាមកំហែងកំទេចរដ្ឋផ្លរីដាទាំងមូល ជាមួយនឹងល្បឿនខ្យល់បក់ ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីរដ្ឋផ្លរីដា ព្យុះកំបុតត្បូងក៏បានវាយលុកឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ដោយបានបោកបក់ឆ្ពោះទៅរដ្ឋក្នុងល្បឿន ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងបឺតយកថាមពលពីឈូងសមុទ្រម៉ិកស៊ិកផងដែរ។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះព្យុះសង្ឃរានេះហាក់ដូចជាធូរស្រាលបន្តិចហើយ ដូច្នេះអាជីវកម្ម ក៏ដូចជាឧស្សាហកម្មផ្សេងៗរំពឹងថានឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕










