ប្រទេសថៃ ៖ ក្រោយពីទឹកជំនន់ស្រក បច្ចុប្បន្ន ខេត្តឈៀងម៉ៃ ប្រទេសថៃបានប្រឈមនឹងបរិមាណធូលីកខ្វក់កើនឡើងយ៉ាងខ្លាំងនៅលើបរិយាកាស ដែលបណ្តាលមកពីដីភក់ទឹកជំនន់ និងគំនរសំរាមតាមផ្លូវ ។ អាជ្ញាធរ និងគ្រូពេទ្យបានប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ដើម្បីកុំឱ្យកើតជំងឺផ្សេងៗដោយសារធូលីកខ្វក់ ។.png)
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមឿង ខេត្តឈៀងម៉ៃ បានស្រកចុះមករកភាពប្រក្រតីវិញឃើញថា តំបន់សេដ្ឋកិច្ចចាស់ តំបន់សេដ្ឋកិច្ចថ្មី និងផ្លូវចារឺនប្រាថេត ដែលស្ថិតនៅជាប់ទន្លេពីង មានបញ្ហាដីភក់ហូរមកជាមួយទឹកជំនន់ជាប់តាមចំណុចផ្សេងៗ ។ ដីភក់ទាំងនេះពិបាកលាងសម្អាតខ្លាំងណាស់ ហើយវាក៏ក្លាយជាធូលីកខ្វក់ពាសពេញទីក្រុងទាំងអស់ ដោយសារការធ្វើចរាចរទៅមករបស់យានជំនិះ ។
ក្រៅពីនេះ គំនរសំរាមជាច្រើននៅតាមផ្លូវបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរយ៉ាងខ្លាំង ។ រីឯនៅតំបន់ខ្លះទៀតត្រូវបិទផ្លូវទៀតផង ដោយសារមានគំនរសំរាមតាមផ្លូវច្រើនពេក ។ គំនរសំរាម និងដីភក់ហូរមកជាមួយទឹកជំនន់ដែលពិបាកសម្អាតទាំងនេះ បានបង្កើតជាធូលីកខ្វក់ពាសពេញបរិយាកាសនៅខេត្តឈៀងម៉ៃ ។ .png)
យោងតាមទិន្នន័យរបស់គេហទំព័រ IQAir ដែលបានត្រួតពិនិត្យគុណភាពអាកាសធាតុប្រទេសទូទាំងពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា ឈៀងម៉ៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី២៤ គឺជាខេត្តមានធូលីកខ្វក់ខ្លាំងបំផុតលើពិភពលោក ។
លោកវេជ្ជបណ្ឌិត Natthaphong Wongwiwat អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានសំណូមពរឱ្យពលរដ្ឋថែទាំសុខភាព ដោយលោកបញ្ជាក់ថា ទំហំធូលីតូចខ្លាំងពេកនឹងចូលក្នុងច្រមុះធ្លាយដល់សួត និងជ្រាបចូលក្នុងសរសៃឈាម ។ រោគសញ្ញាកើតឡើងចំពោះអ្នកជំងឺអាឡែស៊ី គឺមិនត្រឹមតែកណ្តាស់ រមាស់ និងហៀរសំបោរប៉ុណ្ណោះទេ ប៉ុន្តែបង្កជាជំងឺហឺត មានបញ្ហាផ្លូវដង្ហើម និងការរលាកបំពង់ខ្យល់ ។ វានឹងប៉ះពាល់សុខភាពរយៈពេលយូរ ជាពិសេស កុមារឆាប់កើតជំងឺលឿនជាងមនុស្សទូទៅ ។
គួរបញ្ជាក់ថា បញ្ហាធូលីកខ្វក់លើបរិយាកាសបានកើតឡើងនៅខេត្តឈៀងម៉ៃយូរមកហើយ គឺតាំងពីមុនពេលទឹកជំនន់ ហើយអភិបាលខេត្តឈៀងម៉ៃ ក៏ដូចជារដ្ឋាភិបាលថៃបានព្យាយាមដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ។ អ្វីគួរឱ្យបារម្ភនោះ គឺពលរដ្ឋខេត្តឈៀងម៉ៃពុំបានពាក់ម៉ាស់ការពារគ្រប់គ្នាទេ ដោយអ្នកខ្លះនិយាយថា វាជារដូវធូលីកខ្វក់កើតឡើងជាច្រើនឆ្នាំហើយនៅឈៀងម៉ៃ ទើបខ្លួនមានទម្លាប់រស់នៅក្នុងស្ថានភាពបែបនេះ ៕










