ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមកចោមរោមមើលផ្ទាំងឃោសនារបស់ហាងលក់ទំនិញមួយកន្លែង ហើយម្នាក់ៗមានទឹកមុខងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីរូបភាពផ្ទាំងឃោសនាល្បីល្បាញក្នុងបណ្តាញសង្គម ។ ហាងនេះឈ្មោះ «Hangai» ស្ថិតនៅទីក្រុង Nagahama ខេត្ត Shiga ប្រទេសជប៉ុន ដែលមានលក់ទំនិញប្រើប្រាស់សម្រាប់កុមារ និងសម្ភារៈជាច្រើនមុខទៀត ។

ហាងលក់ទំនិញ Hangai បើកលក់អស់រយៈពេលជាង១០ឆ្នាំហើយ និងបានដំឡើងផ្ទាំងឃោសនាយ៉ាងធំនៅមុខហាង ដែលមានរូបភាពទារកគួរឱ្យស្រឡាញ់ក្នុងនោះ ។ នៅលើផ្ទាំងឃោសនាមានសរសេរអក្សរថា «ហាងនេះលក់ទំនិញមានគុណភាព និងតម្លៃថោកៗ» ។
ប៉ុន្តែកាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនមានអាកាសធាតុក្តៅយ៉ាងខ្លាំង រហូតធ្វើឱ្យរូបភាពលើផ្ទាំងឃោសនាលក់ទំនិញរបស់ហាង Hangai រលាយ ។ ហេតុនេះ វាបានធ្វើឱ្យរូបភាពទារកលើផ្ទាំងឃោសនាគួរឱ្យស្រឡាញ់ប្តូរទៅជារូបភាពគួរឱ្យភ័យរន្ធត់ ហើយធ្វើឱ្យមហាជនគិតថា វាជាផ្ទាំងឃោសនាភាពយន្តភ័យលស់ព្រលឹង ។.jpg)
ម្ចាស់ហាងលក់ទំនិញនេះប្រាប់ថា ខ្លួនសង្កេតឃើញតាំងពីផ្ទាំងឃោសនាចាប់ផ្តើមរលាយពីដំបូងម៉្ល៉េះ ហើយចង់ផ្លាស់ប្តូរវាចេញដាក់ផ្ទាំងឃោសនាថ្មី ពីព្រោះបារម្ភថា អ្នកដើរឆ្លងកាត់ទីនេះខ្លាចមិនហ៊ានចូលទិញទំនិញ ។ ប៉ុន្តែពិធីបុណ្យ «Obon» ក៏មកដល់ល្មម ទើបខ្លួនពុំបានទម្លាក់ផ្ទាំងចុះ ។
ពិធីបុណ្យ Obon មានលក្ខណៈស្រដៀងគ្នានឹងពិធីបុណ្យឈេងម៉េងរបស់ជប៉ុន ហើយពិធីបុណ្យនេះមានថ្ងៃឈប់សម្រាកយូរថ្ងៃ ដែលធ្វើឱ្យជនជាតិជប៉ុននាំគ្នាទៅស្រុកកំណើត ។ ពេលមនុស្សម្នាធ្វើដំណើរតាមមុខហាង Hangai និងឃើញផ្ទាំងឃោសនានេះ ក៏នាំគ្នាថតរូបព្រោងព្រាតបង្ហោះក្នុងបណ្តាញសង្គម ។ ហេតុនេះ វាក៏ក្លាយជារូបភាពល្បីល្បាញ ហើយធ្វើឱ្យមនុស្សជាច្រើនទៀតមកហាងនេះជាបន្តបន្ទាប់ ។.jpg)
គេពុំដឹងថា តើម្ចាស់ហាងលក់ទំនិញនេះទម្លាក់ផ្ទាំងឃោសនាចុះឬក៏អត់ ឬម្ចាស់ហាងចង់ទុកវាបែបនេះ ដើម្បីឱ្យអតិថិជនចាប់អារម្មណ៍ចូលមកទិញទំនិញក្នុងហាងកាន់តែច្រើន ៕










