តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា បានទទួលភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួនដែលមានអ្នកគាំទ្ររាប់ពាន់ចូលរួមទស្សនាជាមួយតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងស្រុកចាប់ពី៣០ដុល្លារទៅ១០០ដុល្លារ។ ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហើបប្រាប់ទស្សនិកជនដែរថាអារម្មណ៍ផ្លូវចិត្តរបស់អ្នកនាងពិតជាសំខាន់ណាស់។
នៅយប់ថ្ងៃទី២៧ ខែកញ្ញា អ្នកនាង ឱក សុគន្ធកញ្ញា បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនជាង៤០នាទី ទាំងការលក់ផលិតផលយីហោផ្ទាល់ខ្លួន ការជជែកជាមួយអ្នកគាំទ្រ និងការបកស្រាយចម្រៀងខ្លីៗតបតាមការសំណូមពររបស់ហ្វេនៗផងដែរ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបាននិយាយថាមនុស្សដូចជាអ្នកនាងយកអារម្មណ៍ជាធំ ផ្លូវចិត្តជាសំខាន់។
តារាចម្រៀង ឱក សុគន្ធកញ្ញា ថាបើផ្លូវកាយអស់កម្លាំងវិញគឹអស់ដោយបញ្ជាក់ថានាងជាមនុស្សធ្វើការមិនបានគេងជួនកាលធ្វើការ១យប់២យប់គេងបាន១ម៉ោង២ម៉ោងក៏ឆ្អែតដែរហើយធ្វើការបានធម្មតា។ ប៉ុន្តែកុំឱ្យមានអ្វីមកប៉ះពាល់ផ្លូវចិត្តឱ្យសោះ ប៉ះពាល់កម្លាំងចិត្តផ្លូវចិត្តភ្លាមគឺអស់កម្លាំងភ្លាមមួយរំពិចដូចគេយកដៃមកផ្ទាត់ដួលព្រូសតែម្តង។
នៅក្នុងការ Live នោះអ្នកនាងឱក សុគន្ធកញ្ញា បានរម្លឹកពីការប្រគំតន្រ្តីទោលរបស់ខ្លួនគឺទទួលបានស្នាមញញឹម ភាពកក់ក្តៅពិតៗពីអ្នកគាំទ្រ រំភើបចិត្តពីបេះដូងអ្នកគាំទ្រ។ ម្ចាស់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» បានលើកឡើងដែរថា ក្នុងថ្ងៃប្រគំតន្រ្តីមានពេលខ្លះហ្វេនៗមិនបានឃើញរូបអ្នកនាងស្រក់ទឹកភ្នែក។ ប៉ុន្តែពីមួយវគ្គទៅមួយវគ្គរូបអ្នកនាងរំភើបចិត្តនឹងស្នាមញញឹមសំឡេងហ៊ោ ការចូលរួមរបស់ទស្សនិកជនគឺនាងរំភើបមុន១០ថ្ងៃទៅហើយដែលទទួលបានអារម្មណ៍បែបនេះស្រក់ទឹកភ្នែកស្ទើរតែរាល់ថ្ងៃជាអារម្មណ៍បែបរំភើបដោយមិនចង់រំភើបនៅលើឆាកនោះទេព្រោះត្រូវមានកាតព្វកិច្ចធំជូនហ្វេនៗទាំងអស់គ្នា។ អ្នកនាងក៏លើកឡើងដែរថាបើតាមជាក់ស្តែងរឿងយំវិញគឺសឹងតែមួយវគ្គទៅមួយវគ្គយំម្តងប៉ុន្តែរូបនាងបានទប់អារម្មណ៍ខ្លួនឯង៕