កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ដែលខកខានមិនបានចេញទៅប្រកួតតំណាងប្រទេសបានឆ្លើយតបទៅកាន់ផេក Miss Supranational Cambodia ក្រោយពីបង្ហោះថានាងទិញ License ចេញទៅប្រកួតខ្លួនឯង។ ឈុំ ចាន់ដារ៉ា ថានាងមិនអាចចិត្តធំមហាសាលយកកម្មវិធីគេមកលេងសើចនាំឱ្យប៉ះពាល់នោះទេ។
ប្រិយមិត្តមួយចំនួនអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាតារាសម្តែង ឈុំ ចាន់ដារ៉ា និងជា Miss Supranational Cambodia 2024 កាលពីកន្លងមកនេះមិនបានចេញទៅប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសប៉ូឡូយនោះទេដោយសារតែមិនអាចសុំវីសាទាន់ពេលវេលាចេញទៅប្រកួតបាន។ ការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែយឺតវីសាចំនួន២ថ្ងៃបេក្ខភាពតំណាងប្រទេសសម្រេចចិត្តមិនចេញទៅប្រកួត។ នេះបើតាមការអះអាងកន្លងមករបស់ Miss Supranational Cambodia ខណៈកម្មវិធីនេះគ្រប់គ្រងដោយលោក អ៊ិន សុភិន។
ទោះយ៉ាងណារឿងរ៉ាវជជែកវែកញែកកន្លងមកសម្រាប់ ឈុំ ចាន់ដារ៉ា និងមានការបន្ទោសទៅកាន់ក្រុមហ៊ុនបានស្ងប់ស្ងាត់មួយរយៈស្រាប់តែរឿងនេះបានផ្ទុះឡើងម្តងទៀត។ នៅលើផេក Miss Supranational Cambodia កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា បានបង្ហោះថា «ឃើញអតីត Miss Supranational Cambodia 2024 Live ថាទិញ License ចេញទៅប្រកួតខ្លួនឯង?»។
ការបង្ហោះនេះបានជំរុញចិត្តឱ្យ ឈុំ ចាន់ដារ៉ា បានឆ្លើយតបវិញថា«បើតាមខ្ញុំចាំពាក្យសម្តីខ្លួនឯង នាងខ្ញុំដូចជាបាននិយាយថា «បើខ្ញុំមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់… » តែបើខ្ញុំគ្មានទេ ខ្ញុំក៏មិនអាចទៅមានចិត្តធំមហាសាល យកកម្មវិធីគេមកលេងសើច រហូតប៉ះពាល់ឈ្មោះប្រទេសជាតិ ដល់ក្នុងក្រុមការងារអន្តរជាតិនោះទេ (ចំណុចនេះ កុហកខ្លួនអ្នកមិនបានទេ អ្នកត្រូវទទួលស្គាល់ការពិត)»។
Miss Supranational Cambodia 2024 លើកឡើងទៀតថា «នាងខ្ញុំពិតជាមិនចង់តបតច្រើនជាងទៀតនោះទេ តែនាងខ្ញុំមានតែពាក្យចង់សូមផ្តែផ្តាំទៅ Admin ដែលអាចជាចាស់ទុំសម្រាប់ខ្ញុំថា ពេលខ្លះបើអ្នកចេះស្រលាញ់កិត្តិយសរបស់អ្នកជាងនេះបន្តិចប្រហែលជាគ្រប់យ៉ាងល្អប្រសើរជាងនេះ សូមអរគុណ ពីក្មេងដែលត្រូវការការសិក្សាស្វែងយល់ពីចាស់ទុំ»។
គួរបញ្ជាក់ថា កម្មវិធី Miss Supranational ដែលបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតឆ្នាំដំបូងគឺជា អ៊ិន លក្ខិណា ក្នុងឆ្នាំ២០២២ លីវ ជីលី ២០២៣ ខណៈឆ្នាំ២០២៤ខកខានក្នុងការប្រកួត៕