នាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបញ្ចប់វិវាទ នៃការបញ្ចេញទស្សនៈលើព្រឹត្តិការណ៍ Gumball 3000 ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”ព្រឹត្តិការណ៍នេះ បញ្ចប់ទៅអស់រយៈពេលជាង១០ថ្ងៃទៅហើយ ដោយពលរដ្ឋមួយចំនួន ហាក់នៅបង្ហាញកង្វល់ ដោយលើកឡើងថា ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន”។

ជុំវិញបញ្ហានេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖”គ្មានពីណាមានចិត្តមើលងាយបុព្វបុរសរបស់យើងនោះទេ មុននឹងសម្រេចតម្រៀបឡាននៅមុខប្រាសាទអង្ករវត្ត គឺមានការជជែកគ្នាតឹងតែងណាស់ និងរៀបចំរូបមន្តច្បាស់លាស់ណាស់ ដោយមានតែ៩ឡានប៉ុណ្ណោះដែលអនុញ្ញាតឱ្យតម្រៀបនៅពីមុខអង្គរ និងជាង១០០ឡានទៀតដាក់នៅកៀន។ យើងក៏បានហាមឡានមិនឱ្យចូលទៅក្នុងតំបន់អង្គរ៤០០គីឡូម៉ែត្រការ៉េ និងហាមមិនឱ្យរ៉ូម៉ាស៊ីន ហ៊ានតែរ៉ូដេញចេញតែម្តង”។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ចប់ទៅដោយរលូន៕