នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនៅអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ ឬក៏ទុកចែកជូនក្រុមគ្រួសារសាច់ញាតិជាដើម។
ពាក្យថា អន្សម តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ តាមធម្មតា ច្រើនប្រើស្លឹកចេក មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ។

នំអន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក ឬអន្សមដូង ដោយនេះជាការនិយមខុសៗគ្នាតាមស្រុក តាមខេត្ត នីមួយៗ។
បើតាមឯកសារប្រវត្តិសាស្រ្តមួយចំនួនបានសរសេរថា៖”ការវេចនំអន្សម មានកើតឡើងតាំងសម័យបុរាណមក ដោយកាលនោះកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍។ ក្នុងសាសនាព្រាហ្មណ៍ នំអន្សម ជាការតំណាងឱ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឱ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ”។
បច្ចុប្បន្នការវេចនំនេះ នៅទីក្រុងហាក់មិនសូវសម្បូរដូចមុន ដោយពលរដ្ឋភាគច្រើន តែងទិញនៅផ្សារ ច្រើនជាងការចំណាយពេល៥-៦ម៉ោង ធ្វើនំនេះដោយខ្លួនឯង៕