ការរងរបួស ការរលាក និងការប៉ះទង្គិចផ្សេងៗ សុទ្ធតែជាមូលហេតុធ្វើឱ្យមានស្លាកស្នាមនៅលើដងខ្លួន និងស្បែក ហើយស្លាកស្នាមទាំងនេះបានបិតបាំងភាពស្រស់ស្អាត បង្កើតជាក្ដីកង្វល់របស់លោកអ្នកជាខ្លាំង។ ទោះជាយ៉ាងណាយើងមានវិធីសាស្ត្របំបាត់ស្លាកស្នាមយ៉ាងមានប្រសិទ្ធភាពបំផុតជាមួយរូបមន្តប្រេងដូង ដូច្នេះហើយមិត្តនារីដែលមានបញ្ហាស្បែកដូចជា ស្បែកខ្មៅស្រអាប់ មានស្នាមលើរាងកាយ ឬស្នាមសង្វារបន្ទាប់ពីសម្រាលកូនរួច សូមឈប់បារម្ភទៀតទៅ ដោយអ្នកគ្រាន់តែអនុវត្តរូបមន្តថែរក្សាស្បែកចំនួន ៥ ដូចខាងក្រោមឱ្យបានទៀងទាត់នោះអ្នកនឹងទទួលលទ្ធផលល្អ។
១.ប្រេងដូង លាយជាមួយប្រេងអូលីវ៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងប្រេងអូលីវ ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរនេះចូលគ្នា។ បន្ទាប់មកលាប និងម៉ាស្សាលើស្បែកដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ រួចទុកចោលមួយយប់ លុះព្រឹកឡើង លាងទឹកចេញជាការស្រេច ធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលល្អ។ រូបមន្តនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយព្យាបាលរបួស និងកាត់បន្ថយការរលាកស្បែកផងដែរ។
២.ប្រេងដូង លាយជាមួយស្ករ និងអំបិល៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, និងអំបិល ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា។ រួចម៉ាស្សាវាត្រង់កន្លែងដែលមានបញ្ហាស្នាមសង្វារ ឬស្នាមលើរាងកាយ ប្រហែល ៣ នាទី ទុកចោល ៦០ នាទី រួចលាងទឹកសម្អាតចេញជាការស្រេច។ រូបមន្តនេះត្រូវបានណែនាំឱ្យធ្វើជារៀងរាល់ថ្ងៃ វានឹងជួយកាត់បន្ថយបញ្ហាស្នាម ជួយធ្វើឱ្យស្បែករលោង ក៏ដូចជាជួយជម្រុះកោសិកាស្បែកដែលងាប់។
៣.ប្រេងដូង លាយជាមួយរមៀត៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងម្សៅរមៀត ១/២ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកយកវាមកម៉ាស្សាថ្នមៗនៅក្នុងតំបន់នៃស្លាកស្នាម រួចទុកចោលប្រហែល ១ម៉ោង លាងទឹកចេញជាការស្រេច។ រូបមន្តនេះត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយបង្កើតឡើងវិញនូវខូឡាជែន កាត់បន្ថយការរលាកនៃស្បែក ក៏ដូចជាកែលម្អស្ថានភាពស្បែកបានយ៉ាងល្អផងដែរ។
៤.ប្រេងដូង លាយជាមួយ aloe vera៖ រូបមន្តមានដូចជា ប្រេងដូង ១ស្លាបព្រាបាយ និងទឹក aloe vera ១ស្លាបព្រាបាយ ដោយលាយគ្រឿងផ្សំទាំងពីរចូលគ្នា។ បន្ទាប់មកម៉ាស្សាវាលើស្នាមសង្វារប្រហែល ១០ នាទី ទុកចោលមួយយប់ រួចលាងសម្អាតចេញនៅពេលព្រឹក។ រូបមន្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ វានឹងជួយបន្ថែមសំណើមដល់ស្បែក ជួយឱ្យស្បែករឹងមាំ និងមានសុខភាពល្អ។
៥. ប្រេងដូង៖ ប្រើប្រេងដូង ១ស្លាបព្រាបាយ ម៉ាស្សាថ្នមៗលើកន្លែងដែលមានស្នាម ទុកចោល ៥-១០ នាទី ឬទុកចោលមួយយប់ រួចលាងទឹកចេញនៅថ្ងៃបន្ទាប់។ វិធីសាស្រ្តនេះអាចត្រូវបានធ្វើជារៀងរាល់ថ្ងៃ ដែលវានឹងជួយផ្តល់សំណើមដល់ស្បែក កាត់បន្ថយស្នាមសង្វារ ឬស្នាមលើរាងកាយយ៉ាងមានប្រសិទ្ធភាព៕