ដើម្បីទស្សន៍ទាយដឹងថាតើមនុស្សម្នាក់នឹងមានអាយុវែងឬអត់នោះ ចាំបាច់ត្រូវពឹងផ្អែកលើកត្តាជាច្រើន។ មានលក្ខណៈមួយចំនួននៅលើបាតជើង ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេ ដោយសារតែបាតជើងរបស់អ្នកអាចឆ្លុះបញ្ចាំងពីរឿងជាច្រើនអំពីសុខភាព ហើយបាតជើងក៏ត្រូវបានវេជ្ជបណ្ឌិតឱសថបុរាណប្រៀបធៀបទៅនឹង “បេះដូងទីពីរ” នៃរាងកាយផងដែរ។ ដូច្នេះមនុស្សដែលមានសុខភាពល្អ និងអាយុវែងច្រើនតែមានលក្ខណៈ ៣ យ៉ាងនេះនៅលើបាតជើង៖
១.បាតជើងពណ៌ផ្កាឈូក៖ យើងច្រើនតែប្រើពាក្យ ស និងពណ៌ផ្កាឈូក ដើម្បីសរសើរស្បែកអ្នកដ៏ទៃ តាមពិតទៅជើងក៏ដូចគ្នាដែរ ជាពិសេសនៅលើបាតជើង។ ដូចដែលបានរៀបរាប់រួចមកហើយ ជើងគឺជាផ្នែកឆ្ងាយបំផុតនៃរាងកាយរបស់មនុស្សពីបេះដូង ប្រសិនបើឈាមរត់មិនស្ថិតស្ថេរ បាតជើងរបស់យើងនឹងមានពណ៌លឿងខ្មៅ ស្លេកជាដើម ដោយជារឿយៗបាតជើងមានពណ៌ទាំងនេះច្រើនទាក់ទងនឹងជំងឺថ្លើម ទឹកប្រមាត់ និងលំពែង។
ទោះជាយ៉ាងណាប្រសិនបើអ្នកពិនិត្យឃើញថាបាតជើងរបស់អ្នកមានពណ៌ផ្កាឈូក ឬពណ៌ស នេះបង្ហាញថាអ្នកមានសុខភាពល្អ ហើយមិនចាំបាច់ព្រួយបារម្ភច្រើនអំពីសុខភាពរបស់អ្នកនោះទេ ដោយសារតែចរន្តឈាមរត់បានល្អ ហើយប្រព័ន្ធការពាររាងកាយរបស់អ្នកមានស្ថេរភាព និងបន្សាបជាតិពុលបានយ៉ាងរលូន នោះអ្នកនឹងអាចរស់នៅបានយូរ ព្រមទាំងមានអាយុវែង។
២.បាតជើងមានកម្តៅ៖ អ្នកជំនាញផ្នែកសុខភាពនិយាយថា អ្នកដែលមានជើងត្រជាក់គ្រប់ពេល សូម្បីតែក្នុងរដូវក្តៅ ទំនងជាមានអាយុតិចជាងមនុស្សដែលមានដៃ និងជើងក្តៅ ព្រោះប្រសិនបើរាងកាយរបស់អ្នកមិនចរាចរឈាមបានល្អ ជើងទាំងមូលរបស់អ្នកនឹងត្រជាក់ជាងមនុស្សផ្សេងទៀត។ គួរកត់សម្គាល់ថាជើងត្រជាក់ខុសពីធម្មតាអាចជាសញ្ញាព្រមាននៃហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជំងឺកកឈាម និងជំងឺទឹកនោមផ្អែម។ ជើងត្រជាក់ជានិច្ចក៏បង្ហាញថា ភាពធន់របស់រាងកាយទាបជាង ហើយអ័រម៉ូនក្នុងរាងកាយមិនស្ថិតស្ថេរ បណ្តាលឱ្យការរំលាយអាហារខ្សោយ នេះធ្វើឱ្យពិបាកក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងអាយុវែង។
៣.បាតជើងទន់ និងមិនហើម៖ បាតជើងស្ថិតនៅក្រោមសម្ពាធពេញមួយថ្ងៃ ដើម្បីទ្រទ្រង់រាងកាយ ប្រសិនបើបាតជើងរឹងមានន័យថា ជើងរបស់យើងមានសម្ពាធខ្លាំង ជាសញ្ញានៃបញ្ហាសុខភាពជាច្រើនដូចជា ខ្សោយថ្លើម តម្រងនោម និងជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែប្រសិបើមានបាតជើងទន់ និងមានភាពបត់បែនល្អ មិនហើម វាមានន័យថាអ្នកមានសុខភាពល្អ និងទំនងជាមានអាយុវែង ព្រោះនេះបង្ហាញថាឈាមរត់បានល្អ ហើយមុខងាររាងកាយក៏ត្រូវបានរក្សាយ៉ាងល្អផងដែរ។
ទោះជាយ៉ាងណា លក្ខណៈនៅលើបាតជើងអាចឆ្លុះបញ្ចាំងពីសុខភាព និងអាយុវែងបានមួយផ្នែកប៉ុណ្ណោះ។ បើអ្នកចង់រស់នៅបានយូរ ចូរអ្នកយកចិត្តទុកដាក់លើរបៀបរស់នៅប្រចាំថ្ងៃដូចជាការហូបចុក ការគេង ការធ្វើលំហាត់ប្រាណ សុខភាពផ្លូវចិត្ត និងការពិនិត្យសុខភាពឱ្យបានទៀងទាត់៕