ចុងក្រោយនេះ សង្ហា បានលើកឡើងជាមតិយោបល់របស់ខ្លួនទៅលើការលើកឡើងរបស់ The Kanitha Show ជាហេតុធ្វើឱ្យអ្នកមួយចំនួនបែរជារិះគន់លោកថាតោងគេល្បីជាដើម ស្របពេលកន្លងមក សិល្បកររូបនេះមិនសូវជាមាត់កនៅលើបណ្តាញសង្គមនោះទេ។ ទោះយ៉ាងណា សង្ហា ថាទោះបីជាលោកមិនបានតស៊ូមតិអំពីបញ្ហាក្នុងសង្គមប៉ុន្តែបានចូលរួមអភិវឌ្ឍន៍ដ៏ធំនៃវិស័យតន្ត្រីនៅក្នុងស្រុក។
នៅថ្ងៃទី២២ ខែកញ្ញា សង្ហា បានបង្ហោះនៅលើStory របស់ខ្លួនអមដោយខ្លឹមសារថា «លើកទឹកចិត្តដល់អ្នកដែលបានចូលរួមរាល់គ្រប់សកម្មភាព សម្រាប់សង្គម&ដើម្បីសង្គម (អ្នកធ្វើ) ។ទោះបីខ្ញុំមិនសូវបានតស៊ូមតិអំពីបញ្ហាផ្សេងៗក្នុងសង្គមពិតមែន ប៉ុន្តែបើក្រឡេកមើលពីសកម្មភាពដែលខ្ញុំកំពុងធ្វើនិងលទ្ធផលដែលធ្លាប់ទទួលបាន វាក៏ជាការចូលរួមអភិវឌ្ឍន៍ដ៏ធំនៃតន្ត្រីនៅក្នុងស្រុកយើងផងដែរ»។
សិល្បកររូបនេះលើកឡើងទៀតថា «អ្នកនិយាយអាចកែពាក្យខ្លួនឯងបាន ប៉ុន្តែ រឿងដែលបានធ្វើហើយមិនអាចកែមកវិញបានទេ អ្នកនិយាយនិងអ្នកធ្វើសកម្មភាព គឺប្រទេសយើងសង្គមជាតិយើងត្រូវការទាំងអស់ ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំជឿជាក់ថាបើគ្មានការបញ្ចេញសកម្មភាពទេគឺគ្មានការផ្លាស់ប្តូរ មិនអាចប្រែប្រួលអ្វីទាំងអស់ ខុសឬត្រូវ មិនល្អឥតខ្ចោះ ប៉ុន្តែយើងបានប្រឹងវាធ្វើវាចេញពីបេះដូងជាខ្មែរ»។
សង្ហា លើកឡើងទៀតថា «ខ្ញុំប្រើបេះដូងមកនិយាយទេ ខ្ញុំត្រឹមតែជាយុវជនម្នាក់ដែលទើបតែប្រឡូកក្នុងសង្គមប៉ុណ្ណោះ ខ្ញុំយល់ច្បាស់ថាប្រទេសកំពុងអភិវឌ្ឍន៍ / បុគ្គលកំពុងអភិវឌ្ឍន៍ខ្លួន អ្វីដែលត្រូវការបំផុតគឺកម្លាំងចិត្ត សុំផ្ញើជូនសារនេះដល់អ្នកដែលយល់ពីបំណងខ្ញុំ តស់! ធ្វើទៀត»។
គួរឱ្យដឹងថា សង្ហា គឺជាមនុស្សម្នាក់ដែលបានចូលរួមផលិតបទចម្រៀងជាមួយ វណ្ណដា ចាប់តាំងពីឆ្នាំ២០១៦ រាប់ចាប់ទាំងពី បទ“ឈឺទេ” រហូតដល់ Skull II (Season I ) មុននឹងបំពេញការងារក្នុងផលិតកម្មហ្គាឡាក់ស៊ីផ្តាច់មុខ។ លោកក៏ជាអ្នកផលិតបទ Call Me PAPA របស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានភាពល្បីល្បាញខ្លាំងសឹងតែគ្រប់មជ្ឈដ្ឋាន ខណៈបទនេះមានអ្នកស្តាប់ជាង៣៤លានដងក្នុងរយៈពេល៩ខែ៕