ពេជ្រ ថៃ ម្ចាស់ពាន The Voice Kids Cambodia បានទម្លាយអំពីមូលហេតុនៃការសម្រេចចិត្តសិក្សាផ្នែកច្បាប់ព្រោះធ្លាប់ឆ្លងកាត់ភាពអយុត្តិធម៌ហើយនៅក្នុងគ្រួសារគ្មានអ្នកណាបានរៀនចប់នោះទេទើបរូបគេមានការប្តេជ្ញាចិត្តរៀនឱ្យចប់។ អាជីពដែល ពេជ្រ ថៃ ស្រលាញ់ជាងគេគឺផ្នែកចៅក្រម។ 
ពិធីករ សុខ រ៉ាស៊ី បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់ខ្លួននាយប់ថ្ងៃទី២០ កញ្ញា ដោយបានសាកសួរទៅកាន់តារាចម្រៀង ពេជ្រ ថៃ កំពុងស្ថិតនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ។
ក្នុងកិច្ចសន្ទនារវាងអ្នកទាំងពីរ ពេជ្រ ថៃ បាននិយាយថា «បច្ចុប្បន្នខ្លួនគេកំពុងសិក្សាឆ្នាំទី៣ផ្នែកច្បាប់ ដែលការសិក្សាផ្នែកនេះថ្ងៃអនាគតអាចធ្វើមន្រ្តីរាជការ ចៅក្រម ក្រឡាបញ្ជី មេធាវី ដោយខ្លួនគេស្រលាញ់អាជីពចៅក្រមជាងគេ ដោយសារតែឆ្លងកាត់អង្គហេតុ អង្គច្បាប់ ព័ត្តុតាង ដើម្បីកាត់ក្តីទៅឱ្យស្មើភាពគ្នា ដឹងខុស ដឹងត្រូវ ប្រកាន់នូវគោលការណ៍មិនក្បត់ឧត្តមគតិខ្លួនឯងគឺមានយុត្តិធម៌»។
ពេជ្រ ថៃ បានចែករំលែកទៀតថា ការសិក្សាផ្នែកច្បាប់មិនមែនជារឿងងាយស្រួលនោះទេ សៀវភៅច្បាប់ច្រើនណាស់ទូលំទូលាយមែនទែនមិនត្រឹមតែមើលច្បាប់ក្នុងប្រទេសទេគឺមើលច្បាប់នៅក្រៅប្រទេសទៀតដើម្បីយកជាបទពិសោធន៍ចំណេះដឹង។
មូលហេតុដែល ពេជ្រ ថៃ សម្រេចចិត្តរៀនផ្នែកច្បាប់នេះ តារាចម្រៀងរូបនេះថាក្រុមគ្រួសាររបស់ខ្លួនគ្មានអ្នកណាបានរៀនចប់នោះទេ ដោយសារតែបច្ចុប្បន្នមានជីវភាពធូរធាជាងមុនទើបប្តេជ្ញាយ៉ាងណាត្រូវរៀនឱ្យបានចប់ដើម្បីគ្រួសារ និងធ្លាប់ឆ្លងកាត់ភាពអយុត្តិធម៌។ បើសិនជាមានពេលនឹងតយកអនុបណ្ឌិត ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ។
គួរបញ្ជាក់ផងដែរថា ពេជ្រ ថៃ ជាអ្នកខេត្តបាត់ដំបងបានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១កាលពីខែ តុលា ឆ្នាំ២០១៧ ក្នុងវ័យ១២ឆ្នាំ៕










