កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា ឥទ្ធិពលព្យុះយ៉ាហ្គីបានវាយប្រហារប្រទេសជាច្រើននៅទ្វីបអាស៊ី ហើយនៅថ្ងៃ១៤ ដល់ ១៦ វិញឥទ្ធិពលព្យុះ Boris ក៏បានវាយប្រហារប្រទេសជាច្រើននៅទ្វីបអឺរ៉ុបម្តង។ ប៉ុន្តែឥឡូវនេះចាប់ពីថ្ងៃទី ១៦ រហូតមកដល់ពេលនេះ ខ្យល់ព្យុះដ៏កាចសាហាវមួយស្រាប់តែបានបោកបក់មកលើតំបន់ជាច្រើននៅទ្វីបអាមេរិក បណ្តាលឱ្យផ្ទះរាប់រយខ្នងជន់លិច បង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរ និងរថយន្តជាច្រើនគ្រឿងត្រូវរសាត់ទៅតាមទឹក។
.png)
យោងតាម CNN ទីក្រុងឆ្នេរសមុទ្រ Carolina Beach ក្នុងរដ្ឋ North Carolina ប្រទេសសហរដ្ឋអាមេរិកត្រូវបានដាក់ក្នុងភាពអាសន្នកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្របានធ្លាក់ទឹកភ្លៀងរហូតដល់ ៤៥៧ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោងប៉ុណ្ណោះ បណ្តាលឱ្យទឹកជំនន់បានជន់លិចតំបន់លំនៅដ្ឋាន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ព្យុះភ្លៀងដ៏កាចសាហាវនេះត្រូវបានគេចាត់ទុកថាគឺជាបាតុភូត «ម្ដងក្នុងមួយពាន់ឆ្នាំ»។ 
លោក Bruce Oakley មន្ត្រីនៅទីក្រុងទេសចរណ៍ Carolina Beach បាននិយាយថា “នេះប្រហែលជាទឹកជំនន់ដ៏អាក្រក់បំផុតដែលអ្នកស្រុកមិនធ្លាប់បានឃើញពីមុនមកទេ”។ លោក Bruce Oakley បានបន្តទៀតថា ខ្យល់និងភ្លៀងភ្លាមៗបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ហើយបន្តភ្លៀងជាបន្តបន្ទាប់ៗ ដោយមនុស្សមិនបានត្រៀមខ្លួនទេព្រោះតំបន់នេះមិនធ្លាប់មានទឹកជំនន់ពីមុនមកឡើយ។ 
ទន្ទឹមនឹងនឹងនេះកន្លែងផ្សេងទៀតនៅក្នុងតំបន់ក៏បានកត់ត្រាភ្លៀងច្រើនជាង ៣០០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២០០ ឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរកំពុងជួយមនុស្សជាច្រើនដែលជាប់ក្នុងរថយន្ត និងផ្ទះឱ្យមានសុវត្ថិភាពហើយ។ ទោះជាយ៉ាងណា ទឹកជំនន់នៅឆ្នេរ Carolina បានចាប់ផ្តើមស្រកបន្តិចម្តងៗ នៅពេលដែលសម្ពាធទាបបានផ្លាស់ទីទៅភាគខាងលិចនៃតំបន់នោះ ដោយគេរំពឹងថានឹងចុះខ្សោយនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញានេះ៕










