ប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល និងខាងកើតដូចជា អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី បានរងគ្រោះដោយសារឥទ្ធិពលព្យុះ Boris ដ៏កាចសាហាវបំផុតមិនធ្លាប់មាន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋលិចលង់ដោយទឹកជំនន់។
យោងតាម BBC ខ្យល់ព្យុះ Boris បានបោកបក់វាយប្រហារនៅអឺរ៉ុបកណ្តាល និងខាងកើតកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងប្រទេស អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី។.png)
នៅប្រទេសអូទ្រីសទីក្រុងវីយែនត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ខណៈមនុស្សម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងជួយសង្គ្រោះប្រជាជនក្នុងរដ្ឋអូទ្រីសក្រោម។ រីឯប្រទេសស្លូវ៉ាគីវិញក្នុងទីក្រុង Bratislava ក៏មិនខុសគ្នាពីប្រទេសអូទ្រីសទីក្រុងវីយែនដែរ ដោយប្រទេសទាំងពីរនេះសុទ្ធតែបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងដូចគ្នាថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ស្ថានភាពនៅអឺរ៉ុបគឺកាន់តែអាក្រក់ទៅៗហើយ ដោយសារកម្ពស់ទឹកបានឡើងដល់ទ្រូងមនុស្សពេញវ័យក្នុងទីក្រុង Opava នៃសាធារណរដ្ឋឆេក។
ធ្វើឱ្យមនុស្សប្រហែល ១០,០០០ នាក់ក្នុងចំណោមប្រជាជនសរុបរបស់ទីក្រុងដែលមានចំនួន ៥៦,០០០ ត្រូវបានស្នើសុំឱ្យជម្លៀសទៅកាន់ទីទួលខ្ពស់ ខណៈមនុស្ស ៤ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ ហើយផ្ទះជាច្រើនរងការខូចខាតយ៉ាងខ្លាំងដោយទឹកជំនន់នៅក្នុងទីក្រុង Jesenik ភាគឦសានសាធារណរដ្ឋឆេក។ ចំណែកឯប្រទេសប៉ូឡូញក្នុងទីក្រុង Klodzko វិញក៏មិនធម្មតាដែរ ត្រូវបានគេចាត់ទុកថា ជាតំបន់រងគ្រោះខ្លាំងបំផុត ដោយបង្ខំឱ្យប្រជាជនប្រហែល ១,៦០០ នាក់ជម្លៀសចេញ ដោយសារភ្លៀងខ្លាំងបណ្តាលឱ្យបាក់ទំនប់ទឹក។
នៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃទី១៥ ខែកញ្ញា ក៏កំពុងប្រឈមមុខនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ដែលឥទ្ធិពលខ្យល់ព្យុះនេះបានលេចឡើងកាន់តែច្រើនឡើងនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសគឺអឺរ៉ុបកណ្តាល និងខាងកើត។ កម្ពស់ទឹកកាន់តែខ្ពស់ទៅៗធ្វើឱ្យអឺរ៉ុបជួបការលំបាកក្នុងការដោះស្រាយបញ្ហា ទោះជាយ៉ាងណាពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់។ 
នៅក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី ក្រុមមន្ត្រីបានលើកឡើងពីការព្យាករណ៍ថា កម្ពស់ទឹកទន្លេ Danube នៅចុងសប្តាហ៍នេះអាចកើនឡើងដល់ជាង ៨.៥ ម៉ែត្រ ដែលជិតនឹងកំណត់ត្រា ៨.៩១ ម៉ែត្រក្នុងឆ្នាំ ២០១៣។ ហើយកម្ពស់ទឹកនៃទន្លេ Elbe ក្នុងទីក្រុង Schona ប្រទេសអាល្លឺម៉ង់ នៅជិតព្រំដែនជាមួយសាធារណរដ្ឋឆេក ត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលក្នុងកម្រិត ៧.៥ ម៉ែត្រ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញានេះ ដែលនឹងធ្វើឱ្យតំបន់ជាច្រើនចេញការព្រមានកម្រិតខ្ពស់បំផុត៕










