កំពង់ឆ្នាំងគឺជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះគឺល្បីខ្លាំងបំផុតខាងសិប្បកម្មឆ្នាំង ហើយក៏ល្បីថាមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងផងដែរ។ ក្រៅពីរមណីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណរបស់ខេត្តមួយនេះ ក៏មានទឹកធ្លាក់ធម្មជាតិដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែងផ្សេងទៀត ដែលសុទ្ធតែជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះថ្ងៃនេះយើងសូមនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង៖
១.ទឹកធ្លាក់ស្រែអំពិល៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយ ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះភ្ញៀវទេសចរក៏អាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយដើមឈើតូចធំជាច្រើនធ្វើឱ្យភ្ញៀវចង់មកកម្សាន្តម្តងហើយម្តងទៀត។ 
២.ភ្នំនាងកង្រី៖ ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងអំពីប្រវត្តិរបស់ភ្នំនាងកង្រីហើយ។ ពិតណាស់កន្លែងនេះគឺជារមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ បែបប្រវត្ដិសាស្ដ្រ ដែលស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅពេលភ្ញៀវទៅដល់នឹងបានឃើញភ្នំ ១ ខ្ពស់ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ហើយនៅលើភ្នំនោះក៏មានរុក្ខជាតិតូចធំជាច្រើនដុះជុំវិញដូចភ្នំឯទៀតដែរ។ ដូច្នេះហើយពេលទៅលេងខេត្តកំពង់ឆ្នាំងកុំរំលងតំបន់ទេសចរណ៍ទាំងនេះឱ្យសោះ។.png)
៣.ទំនប់និងទ្វារទឹកគង្គា៖ ទំនប់និងទ្វារទឹកគង្គា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនារដូវភ្ជុំបិណ្ឌនេះ ដោយសារតែសម្រស់ធម្មជាតិអំណោយផលពីទំនប់ទឹកដែលមានទឹកថ្លាឈ្វង់នៅរដូវវស្សា ហើយប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់រាប់ពាន់នាក់ តែងតែនាំគ្នាទៅកម្សាន្តនិងលេងទឹកនៅតំបន់ទាំងនោះ។ ដូច្នេះទំនប់និងទ្វារទឹក «គង្គា» ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស មានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។.png)
៤.ទឹកធ្លាក់ថ្មក្រាល៖ ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញបំផុតក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។ នៅតំបន់នេះគឺមានសម្រស់ធម្មជាតិស្រស់ស្អាតខ្លាំងមែនទែន ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងកម្សាន្តនៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ៕.png)










