នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ស្ថានទូតស៊ុយអ៊តប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា តាមការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត។
ស្ថានទូតស៊ុយអ៊តប្រចាំនៅកម្ពុជា បានបង្ហោះសារដោយរៀបរាប់យ៉ាក្បោះក្បាយថា៖ “យើងសូមជម្រាបជូនថា ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ក្នុងទីក្រុង ស្តក់ ហូម (Stockholm)។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។»
តែយ៉ាងណាមិញ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា៖” តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថាន ទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា”។
គួរបញ្ជាក់ផងដែរថាប្រទេសស៊ុយអែត មានទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជានៅក្នុងឆ្នាំ១៩៦១ ដោយបើកដំណើរការស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ អំឡុងឆ្នាំ២០១០ និងធ្លាប់ប្រកាសបិទម្តងដែរកាលពីឆ្នាំ២០២១៕










