Pinky Savika តារាស្រីល្បីប្រចាំប្រទេសថៃមួយរូបនិងជាតួនាងថងឌីកាលពីឆ្នាំ២០១២ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាភ្ញាក់ផ្អើលមិនតិចនោះទេព្រោះតែតារាស្រីរូបនេះបានច្រៀងចម្រៀងរបស់ វណ្ណដា បង្ហោះនៅលើទិកតុកដែលគណនីរបស់នាងមានអ្នកតាមដានជាង៣លាននាក់ឯណោះ។
ដូចទស្សនិកជនមួយចំនួនជ្រាបមកហើយថាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា កំពុងផ្ទុះកក្រើកយ៉ាងខ្លាំងនៅប្រទេសថៃនិងឡាវ ដែលមានតារាល្បីៗ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយបានយកបទនេះមកលេងនៅលើបណ្តាញសង្គមទិកតុកយ៉ាងផុសផុល។ ជាក់ស្តែងថ្មីៗនេះ អ្នកគាំទ្រកម្ពុជាក៏បានភ្ញាក់ផ្អើលជាមួយនឹង Pinky Savika តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពម្នាក់នៅប្រទេសថៃគឺបានច្រៀងបទរបស់ វណ្ណដា បានយ៉ាងល្អ។

ថ្ងៃទី១២ ខែកញ្ញា នៅលើបណ្តាញសង្គមទិកតុកដែលមានអ្នកតាមដាន៣.៧លាននាក់ Pinky Savika ដែលជាតួនាងថងឌី ឆ្នាំ២០១២ បានបង្ហោះវីដេអូច្រៀងបទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ដោយមានអក្សរនៅលើវីដេអូថា « SANGKRAN MAGIC» និងឈ្មោះ វណ្ណដា ជាមួយនឹងរូបទង់ជាតិកម្ពុជា។ ការច្រៀងបទខ្មែររបស់ តារាស្រី Pinky បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចូលទៅបញ្ចេញមតិអរគុណ និងសរសើរដែលតារាស្រីរូបនេះច្រៀងបទរបស់ វណ្ណដា បានយ៉ាងល្អផងដែរ។
នេះគឺជាលើកដំបូងហើយដែលបទរបស់ វណ្ណដា ផ្ទុះកក្រើកខ្លាំងយ៉ាងនេះនៅក្រៅប្រទេសបើទោះបទនេះបានចេញកាលពីចូលឆ្នាំខ្មែរមកម្ល៉េះ។
មិនត្រឹមតែតារាស្រី Pinky Savika ដែលបង្ហាញការពេញចិត្តចំពោះបទរបស់ វណ្ណដា ជាក់ស្តែងកាលពីកន្លងមកនេះគេបានឃើញបុគ្គលល្បីៗជាច្រើននៅប្រទេសថៃលេងបទខាងលើដូចជា Mai davika Mint Chalida ជាដើម។ ក្រៅពីតារាល្បីៗប៉ុន្មានដួងនេះតារាសម្តែង Faye Malison តួស្រីក្នុងប្រភេទរឿង GL គឺមានការពេញចិត្តពេញថ្លើមចំពោះវណ្ណដា ជាងគេតែម្តង។
នេះគឺជា Soft Power របស់ វណ្ណដា ដែលអាចសាយភាពភាសាជាតិ តន្រ្តីកម្ពុជា តាមរយៈបទចម្រៀងនេះដោយមានការស្ម័គ្រចិត្តលេងបទ សង្ក្រាន្តស្គាល់ស្នេហ៍ ភ្លូកទឹកភ្លូកដី៕










