ប្រទេសអូទ្រីស ៖ នេះជារឿងរ៉ាវមួយគួរឱ្យចាប់អារម្មណ៍របស់ចុងភៅម្នាក់ជនជាតិអូទ្រីស ដែលធ្លាប់បរាជ័យក្នុងជីវិតដោយសារគ្រោះថ្នា.ក់ ចរាចរណ៍ ។ ប៉ុន្តែលោកអាចងើបឡើងតស៊ូដើម្បីឱ្យជីវិតល្អប្រសើរឡើងវិញ និងត្រឡប់មកធ្វើការងារដែលលោកស្រឡាញ់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។
យើងបានឃើញចុងភៅប្រុសម្នាក់កំពុងចម្អិនអាហារក្នុងផ្ទះបាយយ៉ាងស្ទាត់ជំនាញនេះ តើជឿទេថា កន្លងមក ចុងភៅរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនឆ្នាំ និងស្ទើរតែបាត់បង់ការងារចុងភៅដែលលោកស្រឡាញ់ទៀតផង ។
លោក Peter Lammer ជាចុងភៅអូទ្រីសធ្លាប់មានរបួសធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១០ ។ ពេលនោះ លោកគិតថា លោកនឹងបាត់បង់ការងារ ដោយសារលោកត្រូវចំណាយពេលវះកាត់ និងព្យាបាលខ្លួនអស់រយៈពេល៦ឆ្នាំ ។ គ្រូពេទ្យប្រាប់ថា លោកនឹងពុំអាចឈរធ្វើការរយៈពេលយូរបានទៀតទេ ទើបលោកគិតថា ការងារចុងភៅដែលលោកស្រឡាញ់បំផុតនោះនឹងបញ្ចប់ ។
នៅឆ្នាំ២០១៦ លោក Peter មានអារម្មណ៍ថា វាជាដំណាក់កាលអាក្រក់បំផុតក្នុងជីវិត ហើយលោកក៏ទូរស័ព្ទទៅមិត្តភក្តិម្នាក់ឈ្មោះ លោក Bernhard Tichy ដើម្បីនិយាយពីការលំបាកចិត្តរបស់លោក ។ ការជជែកគ្នានេះបានផ្លាស់ប្តូរជីវិតរបស់លោកម្តងទៀត ដោយសារមិត្តភក្តិរូបនេះជាអ្នកឡើងភ្នំប្រកបដោយបទពិសោធន៍ផ្នែកផលិតឧបករណ៍ឡើងភ្នំជាច្រើនប្រភេទ បានជួយផលិតឧបករណ៍ជំនួយដល់លោក ។
លោក Bernhard បានចំណាយពេលគិតយ៉ាងយូរថា តើគួរជួយមិត្តភក្តិដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយរបៀបណា? ក្រោយពីបានចំណាយពេលពិភាក្សាគ្នាអស់មួយរយៈរួចមក លោក Bernhard ក៏បានផលិតឧបករណ៍ជំនួយរាងកាយ គឺដែកព្យួរលើដំបូលផ្ទះបាយ ដើម្បីជួយលោក Peter អាចធ្វើការងារចុងភៅដូចមុន ។ លោក Peter អាចអង្គុយលើដែកព្យួរនេះបង្វិលខ្លួនចុះឡើង ឬបម្លាស់ទីពីចំណុចមួយទៅចំណុចមួយទៀតយ៉ាងងាយស្រួល ។
ក្រោយពីលោក Peter បានប្រើប្រាស់ឧបករណ៍ជំនួយរាងកាយមួយរយៈមក លោកក៏បាននិយាយមកកាន់សារព័ត៌មាន Reuters ថា លោកមានសេចក្តីសុខខ្លាំងណាស់ ដោយសារលោកបានធ្វើការងារចុងភៅម្តងទៀត ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ជំនួយនេះបានជួយឱ្យដៃ-ជើងរបស់លោកជាសះស្បើយផងដែរ ។
លោកនិយាយថា លោកចង់ឱ្យអ្នកដទៃដែលមានបញ្ហាសុខភាពស្រដៀងលោក មានឱកាសធ្វើការដែលពួកគេស្រឡាញ់ ហើយមិត្តភក្តិលោក ក៏បានផលិតឧបករណ៍ជំនួយនេះសម្រាប់អ្នកដទៃប្រើប្រាស់ផងដែរ ។ ក្រោយមក លោក Bernhard និងលោក Peter បានបង្កើតក្រុមហ៊ុនមួយដើម្បីបង្ហាញឧបករណ៍ជំនួយនេះជាសាធារណៈ ដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងការងារអូទ្រីស ហើយក្រុមហ៊ុននឹងលក់ឧបករណ៍ជំនួយរាងកាយទៅអ្នកដែលចង់មានឱកាសម្តងទៀត ៕










