ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាថ្មីម្តងទៀតបានបង្ហាញនូវឆន្ទៈខ្ពស់បន្តគាំទ្រវិស័យកីឡាក្នុងស្រុកដោយថ្មីៗនេះបានប្រកាសពីការចូលរួមឧបត្ថម្ភគាំទ្រក្លិបកីឡាបាល់ទាត់បឹងកេតសម្រាប់រដូវកាលថ្មី ជាមួយនឹងម៉ាកសញ្ញា ដ្រាហ្គិន ដែលជាស្រាបៀរប្រណិតទឹកខ្មៅដំបូងគេនៅប្រទេសកម្ពុជា ផលិតដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយបានបន្តឈ្នះពានរង្វាន់ និងមេដាយមាសបញ្ជាក់ពីគុណភាពស្រាបៀរទឹកខ្មៅល្អបំផុតលំដាប់ពិភពលោកពីស្ថាប័ន World Beer Awards និង Monde Selection ប្រចាំឆ្នាំ ២០២២, ២០២៣ និង២០២៤ រហូតទៅដល់ចំនួន ៩ ពានរង្វាន់។
បន្ថែមពីលើការឧបត្ថម្ភក្លិបកីឡាចំនួនពីររួចមកហើយគឺ ក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបគិរីវង្សសុខសែនជ័យ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់ខេមបូឌៀនព្រីមៀរលីគ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

វិស័យកីឡាកម្ពុជារីកចម្រើនបាន ទាមទារការចូលរួមជាច្រើនរួមមានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងអ្នកគាំទ្រ។ ក្រោមពាក្យស្លោក “ស្មារតីខ្មែរតែ១” វឌ្ឍនៈ ប្រ៊ូវើរី បន្តលើកស្ទួយវិស័យកីឡាជាតិ តាមរយៈការឧបត្ថម្ភជាច្រើនដែលរួមមានកីឡាបាល់ទាត់ បាល់ទះ ប្រដាល់គុនខ្មែរ រត់ ជិះកង់ ប៉េតង់ និងប៊ូលជាដើម តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ ព្រមទាំងថ្នាក់តំបន់មានព្រឹត្តិការណ៍ជាប្រវត្តិ សាស្រ្តកីឡាស៊ីហ្គេមលើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។
ការគាំទ្រយ៉ាងសកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធ្លាប់បានបង្ហាញឆន្ទៈថា “យើងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
យើងជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និងប្រទេសជាតិទាំងមូល”
ឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិតជាគួរឱ្យសរសើរ និងកោតស្ញប់ស្ញែងជាទីបំផុត ហើយវឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ទៀតថា នេះគឺជាបេសកកម្មរយៈពេលវែងដែលទាមទារការចូលរួមពីពួកយើងទាំងអស់គ្នាដើម្បីឲ្យកីឡារបស់កម្ពុជាមាននិរន្តរភាព និងរីកចម្រើនឈានទៅមុខ។