ធ្លាប់តែឃើញខ្យងដែលមានទំហំតូចៗ ស្រាប់តែឃើញខ្យងមានទំហំធំមហិមារថែមទាំងមានទម្ងន់ធ្ងន់ខ្លាំងមិនគួរឱ្យជឿទៀត បានកំពុងធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមួយក្រុមបានរកឃើញខ្យងមួយប្រភេទដែលមានសំបកធំរហូតដល់ ៩១ សង់ទីម៉ែត្រ ជាមួយទម្ងន់រហូតដល់ ១៨ គីឡូក្រាម នៅក្នុងតំបន់ទឹកភាគខាងលិច និងខាងជើងនៃប្រទេសអូស្ត្រាលី បានកំពុងធ្វើឱ្យមនុស្សម្នាជាច្រើន រួមទាំងអ្នកវិទ្យាសាស្ត្រ និងជំនាញមានការចាប់យ៉ាងខ្លាំង។.png)
យោងតាមការស្រាវជ្រាវ ខ្យងដ៏ធំមួយប្រភេទនេះមានឈ្មោះថា Syrinx aruanus ឬ ខ្យងត្រែអូស្ត្រាលី ត្រូវបានគេទទួលស្គាល់ថាជាខ្យងធំបំផុតរបស់ពិភពលោក ដោយសារតែវាមានទំហំធំខ្លាំងមិនធ្លាប់មាន និងមានទម្ងន់ធ្ងន់ទៀតផង។ ជាមួយនឹងជើងពណ៌លឿងភ្លឺ អមដោយសំបកដ៏សែនក្រាស់និងទំហំ ៩១ សង់ទីម៉ែត្រ ទម្ងន់ ១៨ គីឡូក្រាម ខ្យងត្រែអូស្ត្រាលីមិនត្រឹមតែជាខ្យងធំជាងគេលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាខ្យងដ៏ធំបំផុតដែលនៅតែមានជីវិតនៅលើផែនដីផងដែរ។.png)
យោងតាមការស្រាវជ្រាវ ខ្យងមួយប្រភេទនេះគឺពួកវាចូលចិត្តស៊ីពពួកដង្កូវ polychaetes, loimia និង diopatra ជាអាហារ។ នៅក្នុងការសិក្សាមួយនៅលើវេទិកា ResearchGate អ្នកជំនាញ John D. Taylor នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិទីក្រុងឡុងដ៍ និងសហការីរបស់លោកបាននិយាយថា ពួកគេបានរកឃើញខ្យងដ៏ធំនេះនៅលើឆ្នេរខ្សាច់នៃ Withnell Bay និង Western Australia នៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់តំបន់ទឹកភាគខាងលិច និងខាងជើងនៃប្រទេសអូស្ត្រាលី។ ដូច្នេះនៅពេលមនុស្សទៅកាន់តំបន់នេះ មនុស្សប្រហែលជាអាចជំពប់ជើងដួលលើខ្យងដ៏ធំបំផុតរបស់ពិភពលោក ដោយសារពួកវាតែងលាក់ខ្លួននៅក្នុងខ្សាច់។
បន្ថែមពីលើទំហំដ៏គួរឱ្យចាប់អារម្មណ៍របស់វា ខ្យងត្រែអូស្ត្រាលីក៏មានរូបរាងពិសេសមួយដែលត្រូវបានគេប្រដូចទៅនឹងត្រែ ហើយសែលរបស់ពួកវាគឺមានរចនាសម្ព័ន្ធជារង្វង់។ លើសពីនេះសំបកខ្យងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្ស ដោយជនជាតិដើមអូស្ត្រាលីតែងយកសំបកខ្យងទទេរទៅប្រើជាឧបករណ៍តន្ត្រី និងធុងទឹកជាដើម៕










