ឃើញមានការយល់ច្រឡំពីអ្នកមួយចំនួនថាបទចម្រៀងសម័យសង្គមរាស្រ្តនិយមជំនាន់លោក ស៊ិន ស៊ីសាមុត ថាជាបទបុរាណ តារាចម្រៀងចាស់វស្សា ណុប បាយ៉ារិទ្ធ ចេញមកបញ្ជាក់ច្បាស់ៗពីភាពខុសគ្នារវាងបទបុរាណនិងប្រភេទបទមរតកដើម។
នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ នៅថ្ងៃទី៨ ខែកញ្ញា នេះបានឱ្យដឹងថា «បច្ចុប្បន្នមានមនុស្សជាច្រើនកំពុងយល់ច្រឡំថា បទចម្រៀងសម័យសង្គមរាស្រ្តនិយម បទចម្រៀងជំនាន់លោកតាស៊ិន ស៊ីសាមុត ជាបទបុរាណ ។ បទចម្រៀងរបស់លោកតាស៊ិន ស៊ីសាមុត ជាបទចម្រៀងមរតកដើម មិនមែនជាបទបូរាណទេ លើកលែងតែលោកតាច្រៀងបទទំរង់មហោរីតែម្តង ដូចជាបទ«ពឹងញាត្តិ» លំនាំបទឡាវឡឹក ។ល។ »។
តារាចម្រៀងសម្រស់មិនចេះចាស់រូបនេះ បានលើកឡើងទៀតថា «បទចម្រៀងរបស់លោកភាគច្រើនគឺប្រគំដោយឧបករណ៍ភ្លេងសម័យ និង មានលាយឧបករណ៍ភ្លេងបូរាណខ្មែរចូលខ្លះដែរក្នុងបទចម្រៀងមួយចំនួន (មិនទាំងអស់គ្រប់បទទេ) ។ រីឯបទចម្រៀងបូរាណចែកចេញជាទំរង់ផ្សេងៗគ្នាទៀត ហើយភាគច្រើនប្រគំបទភ្លេងដោយឧបករណ៍ភ្លេងខ្មែរទាំង៤ប្រភេទ»។
ឧបករណ៍ភ្លេងបុរាណខ្មែរមាន៤ប្រភេទ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញជូនថា«
១ ឧបករណ៍ត្រេះ ដេញ ឬ កូត ៖ គ្រឿងដែលមានខ្សែសម្រាប់ត្រេះ ដេញ ឬ កូតៈ មានខ្សែរដៀវ តាខេ ទ្រ ចាប៉ី…២ ឧបករណ៍ផ្លុំ ៖ គ្រឿងសម្រាប់ផ្លុំឲ្យព្ញសូរៈ មានខ្លុយ ប៉ី ស្រឡៃ ស្លឹក… ៣ ឧបករណ៍វាយ ឬ ទះ ទូង គោះ ៖ គ្រឿងដាសស្បែកសម្រាប់វាយឬទះ មានស្គរសំភោរ ស្គរធំ…៤ ឧបករណ៍គោះ ទង្គិច ៖ គ្រឿងគោះទង្គិចឲ្យឮសូរ មានរនាត គងវង់ ឈឹង ឆាប ក្រាប់ គង ឃ្មោះ រគាំង…»។
ម្ចាស់បទ «បំណងល្អពីសង្សារអូន» បានបន្ថែមទៀតថា «ឧបករណ៍៤ប្រភេទ(សង្ខេប)ខាងលើជាឧបករណ៍ភ្លេងខ្មែរដែលដើរតួរយ៉ាងសំខាន់ក្នុងប្រភេទបទចម្រៀងបូរាណខ្មែរក្នុងទំរង់ផ្សេងៗគ្នា ។ បទចម្រៀងដែលច្រៀងជាមួយវង់ភ្លេងខ្មែរមានដូចជា ៖ បទទំរង់បូរាណ
បទទំរង់មហោរី បទទំរង់មហោរីក្លាយ បទភ្លេងការ ។ល»។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក ណុប បាយ៉ារិទ្ធ មានអាយុ៤៣ឆ្នាំហើយប៉ុន្តែតាមរយៈរូបភាពរបស់លោកបង្ហោះនៅលើបណ្តាញសង្គមគឺនៅតែស្រស់សង្ហាមិនចាញ់ក្មេងៗនោះទេ។ ជាតារាចម្រៀងម្នាក់ដែលប្រឡូកក្នុងអាជីពជាច្រើនឆ្នាំក្នុងទ្រនំរស្មីហង្សមាស លោកទទួលបានឱកាសធ្វើជាគណៈកម្មការជាច្រើនកម្មវិធីក្នុងការប្រកួតចម្រៀងរបស់ស្ថានីយទូរទស្សន៍ហង្សមាស៕










