ប្រទេសឥណ្ឌា ៖ យើងតែងតែបានឃើញស្ត្រីឥណ្ឌាភាគច្រើនមានចំណុចពណ៌ក្រហមតូចមួយនៅត្រង់ប្រជុំចិញ្ចើមរបស់ពួកនាង ជាពិសេស ពេលមើលភាពយន្តឥណ្ឌា ។ ប៉ុន្តែតើយើងបានជ្រាបពីអត្ថន័យរបស់វាដែរឬទេ? ហេតុអ្វីស្ត្រីឥណ្ឌាមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមបែបនេះ?
ចំណុចពណ៌ក្រហមតូចនេះមានឈ្មោះជាផ្លូវការច្រើន ប៉ុន្តែឈ្មោះផ្លូវការដែលគេនិយមប្រើប្រាស់បំផុតគឺ «Bindi» ។ វាជាផ្នែកមួយនៃការតុបតែងខ្លួនរបស់អ្នកគោរពសាសនាហិណ្ឌូ ហើយវាមានអត្ថន័យខុសគ្នារវាងបុរស និងស្ត្រី ។ ចំពោះស្ត្រីឥណ្ឌា ការលាបពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើម គឺដើម្បីឱ្យពួកនាងមានរូបឆោមកាន់តែស្រស់ស្អាត ដែលវាដូចគ្នានឹងគ្រឿងសម្អាងមួយប្រភេទដែរ ។
ចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់ស្ត្រីឥណ្ឌា «Bindi» គឺតំណាងឱ្យសិរីសួស្តី ដែលជនជាតិឥណ្ឌាជឿថា វានឹងនាំមកនូវសេចក្តីចម្រើនរុងរឿង និងសំណាងល្អក្នុងជីវិត ។ រីឯពណ៌ក្រហម មានន័យថា «ឈាម» គឺតំណាងឱ្យការសន្យាគ្នា ។ ក្រៅពីនេះ គេចាត់ទុកថា «Bindi» គឺជាសញ្ញាសម្គាល់របស់ព្រះម៉ែ Parvati ដែលជួយការពារស្ត្រីរៀបការរួច និងស្វាមីរបស់នាងឱ្យចៀសផុតពីមនុស្សអាក្រក់ ។.png)
បើតាមប្រពៃណីរបស់អ្នកគោរពសាសនាហិណ្ឌូ ប្រសិនបើស្ត្រីមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់នាង មានន័យថា វាជាចំណងអាពាហ៍ពិពាហ៍ ឬបញ្ជាក់ថា នាងមានស្វាមីរួចហើយ ។ ចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមរបស់ស្ត្រី គឺកូនកំលោះជាអ្នកលាបឱ្យកូនក្រមុំ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ។.png)
ចំណែកបុរសឥណ្ឌាវិញ ក៏អាចលាបចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមដូចគ្នាដែរ ដើម្បីជាគ្រឿងសម្គាល់ឱ្យពួកគេមានសមាធិ និងប្រាជ្ញា ។ វាដូចគ្នានឹងគ្រាប់ភ្នែកទី៣ ដែរ ដែលផ្តល់នូវប្រាជ្ញាឈ្លាសវៃដល់បុរសឥណ្ឌាគ្រប់ពេលវេលា ។
ប៉ុន្តែពេលពលរដ្ឋឥណ្ឌាទៅវត្ត ហើយត្រូវបានវត្តអារ៉ាមលាបចំណុចក្រហមនៅត្រង់ប្រជុំចិញ្ចើមនោះ គេហៅថា «Tikka» ។ ហេតុនេះ ការលាបចំណុចក្រហមនៅត្រង់ប្រជុំចិញ្ចើមដើម្បីបង្ហាញថា ពួកគេគោរពសាសនាហិណ្ឌូ ។ 
បច្ចុប្បន្ន ពលរដ្ឋឥណ្ឌាងាយស្រួលប្រើប្រាស់ និងអាចរកទិញ «Bindi» នៅគ្រប់ទីកន្លែងមកបិទនៅត្រង់ប្រជុំចិញ្ចើម ដែលមានជាប្រភេទស្ទិកឃ័រ និងច្រើនជម្រើស ។ គេបានតុបតែង «Bindi» ឱ្យមានពណ៌ស្រស់ស្អាតជាងមុន ឬដាំពេជ្រមានពន្លឺចែងចាំងជារូបព្រះអាទិត្យ និងតំណក់ទឹក ៕










