តារាចម្រៀង សួស វីសា បានធ្វើឱ្យហ្វេនៗព្រួយបារម្ភម្តងទៀតបន្ទាប់ពីបានបង្ហើបប្រាប់ថាមានគេចង់បានសំឡេងរបស់ខ្លួន ខណៈបានព្យាបាលនៅក្រៅប្រទេសហើយទើបបានឡើងឆាកមួយរយៈប៉ុណ្ណោះ។ លើសពីនេះ សួស វីសា បានបង្ហាញវីដេអូមួយសំឡេងរបស់តារាចម្រៀងរូបនេះគឺប្រែទៅជាស្អកយ៉ាងខ្លាំង។
នៅថ្ងៃទី៨ ខែកញ្ញា សួស វីសា បានបង្ហោះសំណេរមួយថា «ចង់បានសំឡេងខ្ញុំធ្វើអី?ពិសេសកន្លែងណា?ឈប់មករកខ្ញុំក្នុងសុបិនខ្ញុំទៀតទៅមកដដែលៗ3ថ្ងៃហើយខ្ញុំសុំ»។ ក្នុងនោះដែរ សួស វីសា ថា អ្នកដែលចង់បានសំឡេងនាងមិនមែនជាខ្មោចនោះទេ។
«អ្នកដែលចង់បានសំឡេងខ្ញុំគេមិនមែនជាខ្មោចទេ.!ប្រាប់មួយចុះ..ព្រោះខ្ញុំជាក្រុមពពួកមនុស្សមានញាណពិសេសដែលខ្មោចចូលនៅក្បែរមិនបានទេ.!នេះតាមអ្វីដែលខ្ញុំឃើញនិងដឹងតាំងពីតូចដល់ចំណាស់នេះ»។ នេះជាការបញ្ជាក់របស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ។
ការប្រែប្រួលសំឡេងខុសពីមុនចំពេលកើតជំងឺផ្តាសាយនិងកំពុងពរពោះកូនផង ធ្វើឱ្យអ្នកនាង សួស វីសា បង្ហាញការព្រួយបារម្ភពីបញ្ហាសំឡេងរបស់ខ្លួនព្រោះធ្លាប់ជួបបញ្ហាបំពង់កខួចសំឡេងជិត១ឆ្នាំដោយគ្មានមូលហេតុម្តងរួចមកហើយ។ សួស វីសា បង្ហាញការពិបាកចិត្តយ៉ាងខ្លាំងប្រឈមនឹងការកើតជំងឺផ្លូវចិត្តម្តងទៀត។
កំពុងជួបប្រទះបញ្ហាសំឡេង អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមផ្តល់កម្លាំងចិត្តយ៉ាងច្រើនទៅដល់ សួស វីសា និងការបង្ហាញការព្រួយបារម្ភពីតារាចម្រៀងរូបនេះដូចគ្នា។
គួរបញ្ជាក់ថា សួស វីសា គឺជានាដការីឆ្នើមមួយរូប ទើបធ្វើឱ្យតារាចម្រៀងរូបនេះផ្នែកបុរាណក៏ចេះផ្នែកសិល្បៈសម័យក៏ចេះ ហើយថ្មីៗនេះ វីសា ទើបតែបង្ហើរសំឡេងទម្រង់ហោមរោងយីកេ ទោះបីជាគ្មានភ្លេងអមក្តីប៉ុន្តែទឹកដមសំឡេងរបស់នាងនៅតែពីរោះដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ។ អ្នកគាំទ្រក៏សង្ឃឹមថា សុខភាពរបស់ សួស វីសា នឹងឆាប់ជាសះស្បើយមិនមានអ្វីធ្ងន់ធ្ងរទៅចុះ៕










