ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិវែកញែកយ៉ាងក្តៅគគុកទៅលើប្រធានបទមួយ ដែលបានគូសបញ្ជាក់ថាជា«សមិទ្ធផលថ្មី នៃស្រុករមាសហែក ខេត្តស្វាយរៀង»។
កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ យោងតាមការដាក់បង្ហោះរបស់រដ្ឋបាលស្រុករមាសហែក បង្ហាញឲ្យឃើញថ្មក្នុងទំហំធំមួយដុំ ដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«សមិទ្ធផលថ្មី ទឹកដីនៃស្រុករមាសហែក»។ 
តាមរយៈការដាក់បង្ហោះខាងលើនេះ ក៏បានបណ្តាលភាគច្រើនផ្ទុះចម្ងល់យ៉ាងខ្លាំង ដោយមតិបានលើកឡើងថា«ស្រុករមាសហែកគឺតំណាងសត្វរមាស ចុះហេតុអ្វីលើកដុំថ្មយកមកដាក់អញ្ចឹងលោកពូក្មួយឆ្ងល់ណាស់ សូមពូជួយប្រាប់ផង»។ អ្នកខ្លះថា«បើទុកនៅទទេបែបនេះ មើលទៅ មិនទាក់ទាញទាល់តែសោះ!»។ អ្នកខ្លះថា«គួរតែកែច្នៃដំថ្មមួយដំដែលមានតម្លៃនោះ ឪ្យក្លាយទៅជារូបតំណាងអ្វីមួយ ខ្ញុំគិតថាប្រសើរ ព្រោះមានតម្លៃទាំងរូបភាព និងអត្ថន័យ»។ អ្នកខ្លះទៀតថា«ចាំមើលសិនទៅមេនគេចេះតែដាក់ថ្មទទេរទេ គឺគេមិនទាន់ធ្វើ»។
ទោះជាយ៉ាងណា តាមរយៈការដាក់បង្ហោះខាងលើ អាចនឹងធ្វើឲ្យមហាជនមួយចំនួនយល់ច្រឡំ ទើបរដ្ឋបាលស្រុករមាសហែក បានដាក់បង្ហោះនូវសារមួយឃ្លាទៀតថា«សូមជម្រាបជូនសាធារណៈជន ជ្រាបថា ថ្មដែលដាក់នៅផ្លូវបំបែកជា៤ក្បែរសាលាស្រុកនេះ ជាសមិទ្ធផលមិនទាន់សម្រេច»។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុករមាសហែក បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ក្រុមការងារបានលាងសំអាត សិលាសុខសិរី (សិលារួបរួមសុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែនរីករាយ មានកំពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុកក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិងគ្រប់ក្រុមគ្រួសារ»។










