ថ្មីៗនេះ លោក ភូថង សេរីវុឌ្ឍី ត្រូវបានតែងតាំងជាជាអភិបាលថ្មីក្រុងខេមរភូមិន្ទ ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នាក្នុងពិធីតែងតាំង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍មូលដ្ឋានកាន់តែជឿនលឿន។
ដោយឡែក លោក ភូថង សេរីវុឌ្ឍី ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។
គួរបញ្ជាក់ថា លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង និងកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង៕










