តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាសត្វឆ្កែលូ ជាពិសេស វាលូនៅពេលយប់ស្ងាត់? ហើយពេលខ្លះ ឆ្កែលូតាមគ្នាពេញភូមិទៀតផង ។ មនុស្សមួយចំនួននិយាយថា បើឮសំឡេងឆ្កែលូ បញ្ជាក់ថា វាពិតជាឃើញខ្មោចមិនខាន ។ ដូចគ្នានេះ ក្នុងភាពយន្តជាច្រើនដែលយើងបានទស្សនា គឺតែងតែដាក់សំឡេងឆ្កែលូ មុនពេលមានខ្មោចចេញមក ។
ពេលខ្លះ ឆ្កែនឹងលូនៅពេលយប់ស្ងាត់ ឬលូពេលថ្ងៃត្រង់ ហើយពួកវាអាចលូដើម្បីបណ្តេញសត្វផ្សេងៗឱ្យចេញពីរថយន្តផងដែរ ។ ហេតុនេះ យើងតែងតែខឹងឆ្កែ ដោយសារពុំបានយល់ពីវា ។ យើងមករកការពិតទាំងអស់គ្នាថា ហេតុអ្វីបានជាឆ្កែលូ? ឆ្កែលូ គឺអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
១-វាបានឮសំឡេងអ្វីម្យ៉ាង ៖ ឆ្កែអាចឮសូរសំឡេងផ្សេងៗបានយ៉ាងលឿន បើទោះជាសំឡេងនោះតិចៗក្តី ។ ហេតុនេះ ពេលវាឮសំឡេងអ្វីប្លែក មិនថាសំឡេងតិច ឬខ្លាំង វានឹងមានអារម្មណ៍ភ្ញាក់ ដូចជា ៖ សំឡេងរថយន្ត, សំឡេងស៊ីរ៉ែន និងសំឡេងចុចស៊ីប្លេ វានឹងលូឆ្លើយតបទៅសំឡេងទាំងនោះ ។
២-ទាមទារការចាប់អារម្មណ៍ ៖ ឆ្កែលូ គឺជាវិធីមួយសម្រាប់ទំនាក់ទំនងជាមួយមនុស្ស នៅពេលវាចង់បានអ្វីមួយពីមនុស្ស ។ ពេលខ្លះ ឆ្កែលូ ដោយសារវាចង់លេងជាមួយមនុស្ស ឬចង់ឱ្យយើងចាប់អារម្មណ៍វា តាមដែលវាត្រូវការ ។
៣-ភ័យខ្លាចពេលនៅតែឯង ៖ ពេលម្ចាស់ឆ្កែចេញទៅធ្វើការ ឬទៅបំពេញធុរៈផ្សេងៗនៅខាងក្រៅ ហើយតម្រូវឱ្យឆ្កែនៅចាំផ្ទះតែឯង វានឹងលូស្រែករកម្ចាស់ ។ ការលូរបស់ឆ្កែនេះ ដោយសារវាមានអារម្មណ៍ឯកោ ឬគ្មានឆ្កែផ្សេងទៀតនៅជាមួយ ។
៤-ឆ្កែឈឺ ឬមានរបួសស្នាម ៖ ឆ្កែអាចឈឺ ឬមានរបួសស្នាមនៅលើដងខ្លួន ទើបធ្វើឱ្យវាព្រូស ឬលូច្រើនជាងពេលធម្មតា ដើម្បីបញ្ជាក់ថា វាកំពុងតែឈឺចាប់ ។
៥-ជួបគ្រោះថ្នាក់ ៖ ឆ្កែអាចមានអារម្មណ៍ខុសប្រក្រតី ឬដឹងថា នឹងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ពីព្រោះវាអាចដឹងហេតុការណ៌បានលឿន ។ ហេតុនេះ វានឹងព្រូស ឬលូ ដើម្បីឱ្យមនុស្សដឹងពីគ្រោះថ្នាក់ទាំងនោះ ដូចជា ៖ មានចោរព្យាយាមចូលក្នុងបរិវេណផ្ទះ ឬពេលវាឃើញសត្វមានពិស ដូចជា ៖ ឃើញពស់ ។
សរុបមក ឆ្កែលូ គឺជារឿងធម្មជាតិរបស់ឆ្កែ និងបណ្តាលមកពីមូលហេតុដែលរៀបរាប់ខាងលើនេះ ហើយវាពុំបានឃើញខ្មោចទេ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ហេតុអ្វីបានជាឆ្កែលូ?










