ប្រទេសឥណ្ឌា ៖ ឥណ្ឌាត្រូវបានគេចាត់ទុកថា គឺជាប្រទេសមួយដែលមានទំនៀមទម្លាប់ខុសប្លែកពីបណ្តាប្រទេសផ្សេងៗលើពិភពលោក ដូចជា ៖ ការបរិភោគអាហារនឹងដៃ, ចូលចិត្តរាំច្រៀង, តុបតែងខ្លួន, ស្លៀកពាក់ និងការពាក់គ្រឿងអលង្ការ ជាដើម ។ មនុស្សភាគច្រើនមុខជាធ្លាប់ឃើញស្ត្រីឥណ្ឌាពាក់គ្រឿងអលង្ការពេញខ្លួនទាំងអស់ និងសូម្បីតែច្រមុះ ក៏មានគ្រឿងអលង្ការដែរ ។ ហេតុអ្វីស្ត្រីឥណ្ឌាត្រូវតែចោះច្រមុះពាក់គ្រឿងអលង្ការបែបនេះ?

ក្រៅពីស្ត្រីឥណ្ឌាមានចំណុចពណ៌ក្រហមនៅត្រង់ប្រជុំចិញ្ចើមហើយ ពួកនាងក៏ត្រូវចោះច្រមុះពាក់គ្រឿងអលង្ការផងដែរ ។ វាជាអត្តសញ្ញាណមួយបង្ហាញនូវភាពលេចធ្លោរបស់ស្ត្រីឥណ្ឌា និងជាទំនៀមទម្លាប់មួយដែលស្ត្រីឥណ្ឌាស្ទើរគ្រប់តំបន់និយមពាក់គ្រឿងអលង្ការលើច្រមុះ ពិសេស ស្ត្រីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះគេចាត់ទុកថា ជាសញ្ញាបង្ហាញពីភាពបរិសុទ្ធ និងចំណងអាពាហ៍ពិពាហ៍ ។
ជាទូទៅ ស្ត្រីឥណ្ឌានិយមចោះច្រមុះនៅផ្នែកឆ្វេងដើម្បីពាក់គ្រឿងអលង្ការភ្ជាប់ជាមួយក្រវិលនៅត្រចៀក ឬភ្ជាប់ជាមួយគ្រឿងអលង្ការលើក្បាល ។ ប៉ុន្តែនៅតំបន់ខ្លះរបស់ឥណ្ឌា ក៏មានការចោះច្រមុះពាក់គ្រឿងអលង្ការទាំងសងខាងផងដែរ ។ ការពិត ការចោះច្រមុះនេះ ពុំមានដើមកំណើតនៅប្រទេសឥណ្ឌាទេ បើតាមឯកសារបញ្ជាក់ថា ទំនៀមទម្លាប់ការចោះច្រមុះបាននាំចូលឥណ្ឌានៅសតវត្សរ៍ទី១៦ ដោយពលរដ្ឋមជ្ឈិមបូព៌ា ។ ក្រោយមក វាក៏ក្លាយជាទីពេញនិយមរបស់ស្ត្រីឥណ្ឌានៅគ្រប់តំបន់ ។

នៅតំបន់មួយចំនួនចាត់ទុកថា ការពាក់គ្រឿងអលង្ការលើច្រមុះ គឺជារឿងសំខាន់យ៉ាងខ្លាំងរបស់ស្ត្រីឥណ្ឌា ។ ស្ត្រីឥណ្ឌាគោរពសាសនាហិណ្ឌូតែងតែពាក់គ្រឿងអលង្ការលើច្រមុះក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ និងក្រោយពីរៀបអាពាហ៍ពិពាហ៍រួច ពីព្រោះជឿថា ការពាក់បែបនេះនឹងជួយឱ្យពួកនាងអាចដកដង្ហើមដោយខ្យល់បរិសុទ្ធ ព្រមទាំងជួយការពារសុខភាពស្វាមី ។
ចំណែកមូលហេតុដែលពួកនាងតែងតែពាក់គ្រឿងអលង្ការលើច្រមុះនៅផ្នែកខាងឆ្វេង ដោយសារក្បួនពេទ្យបុរាណរបស់ឥណ្ឌាបញ្ជាក់ថា ច្រមុះផ្នែកខាងឆ្វេង គឺពាក់ព័ន្ធនឹងការបន្តពូជរបស់ស្ត្រី ។ ក្រៅពីនេះ គេជឿថា ការចោះច្រមុះឆ្វេងនឹងធ្វើឱ្យស្ត្រីងាយស្រួលសម្រាលកូន ព្រមទាំងជួយបន្ថយការឈឺចាប់ពេលមករដូវផងដែរ ។
ការពាក់គ្រឿងអលង្ការលើច្រមុះបានក្លាយជាសញ្ញាសម្គាល់ពីចំណងអាពាហ៍ពិពាហ៍ ពីព្រោះនៅតំបន់មួយចំនួនរបស់ឥណ្ឌា ស្ត្រីរៀបអាពាហ៍ពិពាហ៍រួចនឹងពុំដោះគ្រឿងអលង្ការចេញពីច្រមុះទេ ។ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាម៉ូដទាន់សម័យច្រើនជាងការគោរពតាមសាសនា ឬទំនៀមទម្លាប់បុរាណ ហើយយុវតីពុំទាន់រៀបការ ក៏បានពាក់គ្រឿងអលង្ការលើច្រមុះដូចគ្នាដែរ ៕










