កំលោះស្រុកខ្មែរ វណ្ណថាន បានបង្ហើបដំណឹងសោកស្តាយជូនអ្នកគាំទ្រថារូបលោកខកខានក្នុងការតំណាងសិល្បករកម្ពុជាចូលរួមសម្តែងមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅប្រទេសឥណ្ឌូនេស៊ីនាចុងខែកញ្ញា នេះ។ លោកបានបញ្ជាក់ថាការខកខាននេះដោយសារតែមានភារកិច្ចផ្សេងទៀតប៉ុន្តែមិនអាចបញ្ជាក់ជូនបាននោះទេ។
តាមការប្រកាសកាលពីថ្ងៃទី៦ សីហា ពី AXEAN Festival បានឱ្យដឹងថាតារាចម្រៀង វណ្ណថាន នរិទ្ធ យូហៃ Ruthko និង M Fatt នឹងមានវត្តក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីជាមួយនឹងសិល្បករ ជាច្រើនទៀតមកពីប្រទេសនានា។ ទោះយ៉ាងណា តារាចម្រៀង វណ្ណថាន បានជូនដំណឹងថ្មីដល់អ្នកគាំទ្រលោកពុំបានទៅចូលរួមសម្តែងនោះទេ ប៉ុន្តែលោកបានជូនពរសិល្បករកម្ពុជាផ្សេងទៀតដែលចេញទៅសម្តែង។
ល្ងាចថ្ងៃទី៦ ខែកញ្ញា វណ្ណថាន បានបង្ហោះនៅលើបណ្តាញសង្គមថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទមានដំណឹងសោកស្តាយមួយមកជម្រាបជូនថារូបខ្ញុំនឹងមិនបានចូលរួមមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅកោះបាលីលើក នេះបានទេ ដោយសារពេលវេលាមិនសមស្រប ព្រោះជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន។ ខ្ញុំសូមផ្ញើក្តីស្រលាញ់ និងការគាំទ្រទៅកាន់សិល្បករខ្មែរផ្សេងទៀតដែលនឹងបានទៅសម្តែងនៅទីនោះ ហើយជូនពរឱ្យទាំងអស់គ្នាធ្វើបានល្អ និងចំណាយពេលនៅទីនោះដោយរីករាយ ទទួលបានបទពិសោធន៍ថ្មីៗ ហើយពួកយើងមានមោទនភាពជាខ្លាំងដែលមានកូនខ្មែរជាច្រើនរូបបានទៅសម្ដែងឆ្នាំនេះ»។
តាមការប្រកាសកាលពីមុន ក្នុងឆ្នាំនេះសិល្បករកម្ពុជាចំនួន៥រូបក្នុងនោះមានសិល្បករផលិតកម្មបារមី៣រូបរួមមាន វណ្ណថាន នរិទ្ធ និងយូហៃ ប៉ុន្តែពេលនេះអវត្តមាន វណ្ណថាន ម្នាក់។ ក្រៅពីនេះ មានតារារ៉េប Ruthko នៃផលិតកម្ម Klapyahandz – ក្លាបយ៉ាហ៊ែន ម្ចាស់បទ សុរា និង M Fatt សិល្បករឯករាជ្យនិងជាម្ចាស់បទ «First Love» នឹងមានវត្តមានផងដែរ។
គួរបញ្ជាក់ថាមហោស្រពតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ កញ្ញា ខាងមុខនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សិល្បករផ្សេងទៀតដែលនឹងចូលរួមមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានក្នុងការរួមបញ្ចូលនូវសកម្មភាពពីប្រទេសបារាំង អូស្ត្រាលី ជប៉ុន ចិន និងតៃវ៉ាន់ ផងដែរ។ កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលរៀបចំនៅសិង្ហបុរី សិល្បករកម្ពុជាចូលរួមមហោស្រពនេះមានដូចជា Nick ,San និង Kwan ៕