ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅខែកញ្ញា ឆ្នាំ២០២៤នេះ នឹងចាប់ផ្តើមដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។
ប្រទេសថៃបានពិភាក្សាជាមួយកម្ពុជាពីការផ្លាស់ប្តូរទីតាំងស្កេនទំនិញទៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ស្កេនទំនិញនៅប៉ោយប៉ែតទៀតទេ រីឯការដឹកអ្នកដំណើរតាមរថភ្លើង នឹងដំណើរការនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ប្រទេសទាំងពីរនឹងផ្តោតលើសុវត្ថិភាពការដឹកទំនិញរបស់រថភ្លើងសិន ។
លោក ពិឈេត គុនណាថាំរ៉ាក់ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ និយាយថា ៖ «នៅខែកញ្ញា ឆ្នាំ២០២៤ (ប៉ុន្តែពុំទាន់កំណត់ថ្ងៃច្បាស់លាស់) ខាងរថភ្លើងថៃមានគម្រោងដំណើរការរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនលើកដំបូង គឺចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ខេត្តរ៉ាក់យ៉ង ទៅកាន់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវ ៦៩១គីឡូម៉ែត្រ ។ ការដឹកទំនិញតាមផ្លូវរថភ្លើងនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈរវាងកម្ពុជា និងថៃ តាំងពីឆ្នាំ២០១៩» ។
លោកបន្តថា ៖ «ជំហានដំបូង នឹងដំណើរការរថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. (GML) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន PTT Public Company Limited ។ រថភ្លើងនឹងធ្វើដំណើរ ចំនួន២ជើងក្នុង១សប្តាហ៍ ដោយដឹកទំនិញដូចជា ៖ កំទេចផ្លាស្ទិក, ប្រេងម៉ាស៊ីន និងប្រេងហ្វ្រាំង» ។
លោកបន្តទៀតថា កាលពីចុងឆ្នាំ២០២៣ ខាងរថភ្លើងថៃបានសាកល្បងដឹកទំនិញឆ្លងកាត់ព្រំដែនជាលើកដំបូង តាមរយៈក្រុមហ៊ុន GML ដែលចាកចេញពីស្ថានីយរថភ្លើងម៉ាបតាផុត ទៅកាន់រាជធានីភ្នំពេញ ។ ពេលនោះ ថៃបានដឹកកំទេចផ្លាស្ទិក និងប្រេងម៉ាស៊ីនចំនួន២ទូរ ហើយគ្មានបញ្ហាពេលធ្វើដំណើរទេ ប៉ុន្តែមានបញ្ហាការពិនិត្យទំនិញរបស់មន្ត្រីគយ ។ 
ពេលរថភ្លើងដឹកទំនិញទៅដល់ប៉ោយប៉ែត គឺត្រូវលើកទំនិញចេញពីរថភ្លើងទៅដាក់លើរថយន្ត ដើម្បីយកទៅត្រួតពិនិត្យនៅនាយកដ្ឋានគយ ដែលនៅឆ្ងាយពីប៉ោយប៉ែតប្រមាណ២គីឡូម៉ែត្រ ។ ពេលពិនិត្យទំនិញរួចរាល់ ត្រូវលើកទំនិញពីរថយន្តឡើងលើរថភ្លើងវិញ ទើបធ្វើដំណើរទៅរាជធានីភ្នំពេញ ។ វាពុំងាយស្រួលទេ និងចំណាយពេលយូរណាស់ ។
ហេតុនេះ ប្រទេសទាំងពីរក៏បានបង្កើតក្រុមការងាររួមគ្នា និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងត្រួតពិនិត្យទំនិញនៅរាជធានីភ្នំពេញតែម្តង ដោយពុំចាំបាច់ត្រួតពិនិត្យនៅប៉ោយប៉ែត ។ បច្ចុប្បន្ន យើងកំពុងត្រៀមខ្លួនដើម្បីឱ្យការដឹកទំនិញតាមរថភ្លើងមានប្រសិទ្ធភាពបំផុត, ងាយស្រួល, សន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ស្របតាមគោលនយោបាយរបស់ក្រសួងគមនាគមន៍ថៃ ដែលជំរុញការដឹកទំនិញតាមរថភ្លើងទៅកាន់តំបន់អាស៊ាន ។
ចំណែកការដឹកអ្នកដំណើរតាមរថភ្លើងពីប្រទេសថៃទៅកម្ពុជា លោក សុរ៉ាផុង ពិយ៉ាកឆូត រដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃកំពុងពន្លឿនឱ្យដំណើរការឆាប់ៗ ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាពីការត្រៀមដឹកអ្នកដំណើរតាមរថភ្លើងឱ្យមានសុវត្ថិភាពបំផុត ។ ភាគីថៃរំពឹងថា ការដឹកអ្នកដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរនឹងដំណើរការនៅឆ្នាំ២០២៥ ៕










