ស្រីស្អាត SK និង Mina បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រីស្អាតទាំងពីររូបបានសហការជាមួយគ្នាលើកដំបូងយកបទចម្រៀងផ្ទាល់ខ្លួនប្តូរមកជាចង្វាក់ផ្សេងទៀតខុសពីទម្រង់ដើម។
កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា តារាចម្រៀង SK និង Mina បានធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតបន្ទាប់ពីគេបានឃើញស្រីស្អាតទាំងពីរបានសហការជាលើកដំបូងទម្លាក់បទចម្រៀង« Be Myself x Tipsy» ប្រភេទចង្វាក់ Mashup Acoustic ជាមួយគ្នា។ បទ Be Myself គឺជាបទរបស់ SK ដែលបានចេញកាលពី១៧ ខែឧសភា ឆ្នាំ២០២៤ ខណៈបទ Tipsy របស់ Mina គឺបានទម្លាក់កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤។
នៅពេលបទទាំងពីរmix បញ្ចូលគ្នាហើយបានផ្លាស់ប្តូររសជាតិដើមមកជាចង្វាក់ Mashup Acoustic ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ ចំណុចពិសេសមួយទៀតក្រៅពីទឹកដមសំឡេង អ្នកគាំទ្រក៏បានចាប់អារម្មណ៍នៅពេលស្រីស្អាតទាំងពីរបានបង្ហាញខ្លួនរួមគ្នាគឺពិតជាមានភាពទាក់ទាញណាស់។ អ្នកគាំទ្របានបញ្ចេញមតិថា បទក៏ពីរោះអ្នកច្រៀងក៏ស្អាតមើលហើយសឹងភ្លេចដកដង្ហើម។ អ្នកផ្សេងទៀតថា លើកទី១ដែល មើលវីដេអូ អង្គុយមើលដល់ចប់ អត់រំលងសូម្បី១វិនាទី រួមជាមួយមតិយោបល់សរសើរជាច្រើនទៀត។ គួរឱ្យដឹងថា នេះជាការសហការលើកទី១ហើយសម្រាប់ SK និង Mina ខណៈអ្នកទាំងពីរស្ថិតនៅផលិតកម្មផ្សេងគ្នា។
ស្រីស្អាត SK ជារឿយៗតែងតែធ្វើឱ្យហ្វេនៗឈ្លក់វង្វេងតាមរយៈរូបភាពរបស់នាងដែលបានបង្ហោះនៅលើបណ្តាញសង្គមជាមួយនឹងសម្រស់ស្រស់ស្អាតគ្មានទាស់សូម្បីតែស្រីៗគ្នាឯងក៏បង្ហាញការចូលចិត្តស្រលាញ់ SK ដែរ។ ងាកមកកាន់ Mina វិញមិនត្រឹមតែមានរូបសម្រស់គួរជាទីគយគន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទេពកោសល្យសិល្បៈមិនថារាំច្រៀងមិនឱ្យចាញ់តារាK-Popឡើយ៕