ប្រទេសជប៉ុន៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះលោក Daisuke Hori អាយុ ៤០ ឆ្នាំនៅក្នុងខេត្ត Hyogo ប្រទេសជប៉ុន បាននិយាយថា ជារៀងរាល់ថ្ងៃលោកគេងត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ប៉ុន្តែលោកនៅតែមានកម្លាំងពេញលេញធម្មតាដូចមនុស្សគេងបានគ្រប់គ្រាន់អ៊ីចឹងតើនេះមកពីមូលហេតុអ្វីទៅ?
យើងគ្រាប់គ្នាដឹងហើយថា ការគេងឱ្យបានគ្រប់គ្រាន់គឺវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង ដោយមនុស្សត្រូវតែគេងយ៉ាងតិច ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ ទោះជាយ៉ាងណាបុរសជប៉ុនម្នាក់នេះអះអាងថា ទម្លាប់គេងមិនធម្មតារបស់លោកគឺល្អជាង។
លោក Daisuke Hori គឺជាអ្នកជំនួញម្នាក់ដែលចូលចិត្តតន្ត្រី គំនូរ និងការរចនាមេកានិច លោកតែងតែមានទម្លាប់ចូលគេងនៅម៉ោង ២:៣០ am ហើយភ្ញាក់ពីដំណេកនៅម៉ោង ៣:០០ am ដោយលោកតែងតែមានទម្លាប់គេងបែបនេះជារៀងរាល់ថ្ងៃអស់រយៈពេល ១២ ឆ្នាំហើយ។ Hori បាននិយាយថា “គ្រាន់តែលេងកីឡា ឬផឹកកាហ្វេមួយម៉ោងមុនពេលញ៉ាំអាហារ នោះអ្នកនឹងជៀសវាងការងងុយគេង”។ ការគេងតិចតួចបែបនេះជួយឱ្យលោកមានសុភាពរាងកាយល្អជាងមុន ក៏ដូចជាមានស្បែកស្អាត និងសុខភាពផ្លូវចិត្តរឹងមាំ។ លោក Daisuke Hori បានបន្តថា ក្នុងឆ្នាំ ២០១៦ លោកបានបង្កើតសមាគមបណ្តុះបណ្តាលការគេងខ្លីរបស់ប្រទេសជប៉ុន ដែលរៀបចំថ្នាក់រៀនស្តីពីការគេង និងសុខភាព។ 
បន្ទាប់ពីបង្កើតសមាគមរួចរហូតមកដល់ពេលនេះលោក Hori បានបង្រៀនសិស្សជាង ២,១០០ នាក់ហើយឱ្យក្លាយជាអ្នកគេងខ្លីបំផុត។ អ្នកអនុវត្តមួយចំនួនបានរាយការណ៍ថា ពួកគេបានកាត់បន្ថយពេលវេលានៃការគេងពី ៨ ម៉ោងទៅ ១ ម៉ោងកន្លះក្នុងមួយថ្ងៃបន្ទាប់ពីអនុវត្ត និងរក្សាទម្លាប់នេះអស់រយៈពេល ៤ ឆ្នាំ។ គេសង្កេតឃើញថា ទោះបីជាសិស្សទាំងនោះគេងបានតិចតួចក៏ដោយ ក៏ស្បែក និងសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពល្អដដែល។ ដោយរឿងរ៉ាវរបស់ Daisuke Hori គឺបានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបន្ទាប់ពីបានចែករំលែកនៅលើបណ្តាញសង្គម ដោយមានមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ 
អ្នកខ្លះថា ពួកគេសរសើរបុរសវ័យ ៤០ ឆ្នាំរូបនេះណាស់ ដែលចេះគ្រប់គ្រងពេលវេលា និងបង្កើនផលិតភាព ប៉ុន្តែក៏មានមតិជាច្រើនថា ការបន្ថយពេលវេលាសម្រាកគឺមានគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ជាពិសេសខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកក៏បានកត់ត្រាថា មានមនុស្សមួយចំនួនគឺមិនអាចគេងលក់អស់ជាច្រើនទសវត្សរ៍ ហើយនៅតែមានសុខភាពល្អធម្មតា។ សរុបសេចក្តីមក ការគេងគឺអាស្រ័យទៅលើសុខភាពរបស់មនុស្សម្នាក់ៗនោះទេ ប៉ុន្តែជាទូទៅមនុស្សភាគច្រើនតែងមានទម្លាប់គេងច្រើនម៉ោងដើម្បីបង្កើនថាមពល ហើយមានមនុស្សតិចណាស់ ដែលមានទម្លាប់គេងតិចសុខភាពល្អ៕










