បើនិយាយពីស្មានហ្វូនដែលអាចបត់បានពីរតង់ ឬបីតង់របស់ Samsung ធៀបទៅនឹង Huawei ច្បាស់ណាស់ប្រាកដជា Huawei ឈ្នះហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនចិន Huawei បានកាន់កាប់តំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនអេក្រង់បត់លេខមួយក្នុងពិភពលោកសម្រាប់ត្រីមាសទីពីរជាប់ៗគ្នា ទោះបីស្មានហ្វូនអេក្រង់បត់បានបីតង់មិនទាន់ចេញលក់ជាផ្លូវការក៏ដោយ ក៏គេគិតថា Huawei នៅតែបន្តឈានមុខគេក្នុងផ្នែកទាំងនេះ។ យោងតាមទិន្នន័យចុងក្រោយពី TechInsights ក្រុមហ៊ុនផលិតរបស់ចិន គឺជាអ្នកលក់ស្មាតហ្វូនដែលអាចបត់បានល្អបំផុតនៅលើពិភពលោកក្នុងរយៈពេលកន្លះឆ្នាំមកនេះ។ 
កន្លងមកទិន្នន័យស្រាវជ្រាវ Counterpoint ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានកាន់កាប់ចំណែកទីផ្សារធំបំផុតនៅក្នុងផ្នែកនេះ ដោយទម្លាក់ Samsung ឱ្យឈរនៅចំណាត់ថ្នាក់ទីពីរ។ បើតាមរបាយការណ៍ពី TechInsights ក៏បានបង្ហាញដែរថាក្រុមហ៊ុន Huawei សម្រេចបាននូវកំណើន ២២៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយវ៉ាដាច់ Samsung ដើម្បីរក្សាតំណែងកំពូលនៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន ទោះបីស្ថិតនៅក្រោមការហាមឃាត់ពីសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុននេះនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់។
លក្ខខណ្ឌអំណោយផលមួយដែលជួយឱ្យក្រុមហ៊ុន Huawei សម្រេចបានជោគជ័យនោះគឺថា អាស៊ីប៉ាស៊ីហ្វិក ដែលជាកន្លែងស្គាល់ម៉ាកយីហោនេះគឺជាទីផ្សារប្រើប្រាស់ស្មាតហ្វូនដែលអាចបត់បានយ៉ាងរស់រវើកបំផុតក្នុងរយៈពេលបីខែនៃខែមេសា ឧសភា និងមិថុនាថ្មីៗនេះ។ ខណៈ Samsung សម្រេចបានកំណើនត្រឹមតែ ៥% ប៉ុណ្ណោះ ដែលទាបជាងអត្រាកំណើនជាមធ្យមនៃទីផ្សារទាំងមូល ៨៥% ទោះបីជាក្រុមហ៊ុន Samsung ពីមុនបានដឹកនាំផ្នែកនេះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏បច្ចុប្បន្ន Samsung បានធ្លាក់ចេញពីតំណែង។
គួរបន្ថែមផងដែរថា Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលត្រួសត្រាយផ្លូវក្នុងការធ្វើពាណិជ្ជកម្មស្មាតហ្វូនដែលអាចបត់បាន ហើយអស់រយៈពេលជាយូរមកហើយស្ទើរតែផ្តាច់មុខទីផ្សារនេះ មុនពេល Oppo, Vivo, Xiaomi, OnePlus, Huawei … បានកើនឡើងយ៉ាងខ្លាំងពីប្រទេសចិន។ ទីផ្សារអ្នកប្រើប្រាស់កំពូលរបស់ Samsung សព្វថ្ងៃនេះនៅតែជាអាមេរិកខាងជើង ដែលក្រុមហ៊ុនមានមូលដ្ឋានរឹងមាំគួរសម ហើយក៏ជាចំណែកទីផ្សារដែលរកប្រាក់ចំណេញនៃផ្នែកស្មាតហ្វូនផងដែរ៕










