តារាចម្រៀង សួស វីសា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបនាងបកស្រាយទម្រង់ហោមរោងយីកេបានយ៉ាងពីរោះស្តាប់ហើយជក់ចិត្តណាស់។ ទោះបីជាកន្លងមកជាច្រើនឆ្នាំយ៉ាងណាក្តីអ្នកគាំទ្របានសរសើរថា សួស វីសា នៅតែច្រៀងពីរោះដូចកាលពីប្រកួតក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី១ ឆ្នាំ២០១៦។.png)
វិលមកឡើងឆាកតន្រ្តីវិញបន្ទាប់ពីមានបញ្ហាសុខភាពអស់មួយរយៈធំ តារាចម្រៀង សួស វីសា នៅតែជាទីចាប់អារម្មណ៍របស់មហាជនតាមរយៈទឹកដមសំឡេងរបស់នាងទោះបីជាមិនបានបង្ហាញខ្លួនញឹកញាប់ក្តី។ មិនត្រឹមតែមានអាជីពជាតារាចម្រៀងប៉ុន្តែ តារាស្រីរូបនេះក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃជាមួយស្វាមីលោក ថមមី ថែមទាំងបានបង្កើតកម្មវិធីមួយហៅតារាកិត្តិយសមកសម្ភាសន៍ជាមួយនឹងសំលៀកបំពាក់គេងយប់។
ថ្មីៗនេះតារាចម្រៀង សួស វីសា ក៏បានធ្វើឱ្យទស្សនិកជនតាមបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃ្លីបវីដេអូរបស់តារាចម្រៀងរូបនេះបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្នុងកម្មវិធីប្រគំតន្រ្តីមួយដែលស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ សួស វីសា និង ផន ស្រីខួច ត្រូវបានពិធីករពិធីការិនី អង្រួនចិត្តបកស្រាយបទចម្រៀងអំឡុងពេលអ្នកទាំងពីរប្រកួត។.png)
សួស វីសាបានបង្ហើរសំឡេងរបស់ខ្លួនក្នុងទម្រង់ហោមរោងយីកេ ទោះបីជាគ្មានភ្លេងអមក្តីប៉ុន្តែទឹកដមសំឡេងរបស់នាងនៅតែពីរោះដក់ជាប់ក្នុងចិត្តទទួលបានការសរសើរយ៉ាងច្រើន។ ទស្សនិកជនបានបញ្ចេញមតិសរសើរជាច្រើនទៅកាន់តារាចម្រៀង សួស វីសា ថាច្រៀងបានពីរោះណាស់ ស្តាប់ហើយព្រឺសម្បុរតែម្តង។ ចំពោះប្រិយមិត្តដែលនៅចាំការប្រកួតរបស់ សួស វីសា ក៏បានលើកឡើងដែរថាទោះបីជាកន្លងផុតយូរឆ្នាំយ៉ាងណាតារាចម្រៀងរូបនេះនៅតែបកស្រាយបានយ៉ាងពីរោះ។

គួរឱ្យដឹងថាការបង្ហើរសំនៀងទម្រង់ហោមរោងយីកេរបស់ សួស វីសា នេះគឺនាងធ្លាប់បានយកមកប្រកួតជាមួយតារាចម្រៀងផ្សេងទៀតនៅក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី១ ឆ្នាំ២០១៦។ សួស វីសា មិនត្រឹមតែជាអ្នកចម្រៀងសម័យច្រៀងបទមនោសញ្ចេតនាឬបទញាក់នោះទេ ប៉ុន្តែនាងក៏មានចំណេះជំនាញខាងសិល្បៈបុរាណដូចគ្នាព្រោះនាងគឺជា នាដការីឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រ សិល្បៈ និងអាចរាំរបាំប្រពៃណីបានយ៉ាងស្ទាត់ជំនាញផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សួស វីសា កំពុងពរពោះកូនទី២ផងដែរបន្ទាប់ពីកូនស្រីច្បងមានអាយុជិត៤ឆ្នាំហើយ៕










