យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់ផ្តល់គោរមងារដល់លោកស្រី គង់ បញ្ញា ជា “លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា”។
បន្ថែមពីនេះទៀត លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យក្លាយជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ជំនួសសម្តេច មហាមន្ត្រី គុយ សុផល ដែលទើបទទួលគោរមងារសម្តេច និងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។
គួរបញ្ជាក់ថា លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ជាកូនស្រីបង្កើតរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលលោកទើបទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
លោកស្រីជារដ្ឋលេខាធិកាក្រសួងព្រះបរមរាជវាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង ហើយក៏មានតួនាទីជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន៕










