ប្រាសាទវេទមន្តធំ ឬពលរដ្ឋខ្មែរយើងស្គាល់ថាប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។
ប្រាសាទនេះ កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។
កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញខ្លាំង នៅក្នុងសង្គ្រាមរវាងកម្ពុជា-និងថៃ ដណ្តើមប្រាសាទព្រះវិហារ ដោយកាលនោះថៃបានឆ្លៀតដាក់ពង្រាយកងទ័ព និងមានការវាយប្រយុទ្ធគ្នាដណ្តើម ប្រាសាទតាក្របី និងប្រាសាទតាមាន់យកមកគ្រប់គ្រង។
បច្ចុប្បន្ននេះ បើតាមការចេញផ្សាយរបស់គេហទំព័រ Loun Sovath ដែលបានធ្វើបទសម្ភាសន៍ជាមួយទាហានម្នាក់ មិនបញ្ចេញឈ្មោះយាមល្បាតនៅទីនោះបានឱ្យដឹងថា៖” ប្រាសាទតាមាន់ ត្រូវបានទាហានកងទ័ពថៃកាន់កាប់បានពាក់កណ្តាលទៅហើយ ខណៈទានហាននាំភ្ញៀវមិនអាចនាំផុតពាក់កណ្តាលប្រាសាទនោះទេ ព្រោះនឹងត្រូវមេស្តីឱ្យ”។
តាមប្រភពដដែលបានលើកឡើងថា៖” ការព្រមព្រៀងឱ្យខាងថៃគ្រប់គ្រងពាក់កណ្តាលប្រាសាទនេះ គឺត្រឹមការសម្រេចចិតមេបញ្ជាការប៉ុណ្ណោះ មិនមែនជាការសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ”។
តែយ៉ាងណាមិញ បើយើងគិតពីបង្គោលព្រំដែនកម្ពុជា ដល់ទល់ដែនថៃ មានចម្ងាយជាងមួយគីឡូទៀតឯណោះពីប្រាសាទតាមាន់នេះ តែបែរជាថៃមានសិទ្ធគ្រប់គ្រប់ប្រាសាទតាមាន់ពាក់កណ្តាលទៅវិញ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ គេពិបាកក្នុងការកែប្រែប្រាសាទតាមាន់ឱ្យទៅជាតំបន់ទេសចរណ៍ ក៏ព្រោះថាប្រាសាទនេះ ជាតំបន់ទាហានគ្រប់គ្រង និងមានការដាក់ពង្រាយកងទ័ពរាងៗខ្លួនរវាងកម្ពុជា និងថៃ៕