តើលោកអ្នកមានបំណងចង់ទៅកម្សាន្តប្រទេសកូរ៉េខាងជើងដែរឬទេ? ថ្មីៗនេះកូរ៉េខាងជើងត្រៀមនឹងស្វាគមន៍ភ្ញៀវបរទេសម្តងទៀតបន្ទាប់ពីផ្អាកបិទព្រំដែន ២-៣ ឆ្នាំក្នុងអំឡុងជំងឺរាតត្បាត Covid-19។ ទោះជាយ៉ាងដើម្បីទៅទស្សនាប្រទេសកូរ៉េខាងជើងឱ្យមានសុវត្ថិភាព និងសប្បាយរីករាយលោកអ្នកត្រូវតែមើលអត្ថបទនេះឱ្យចប់ បើពុំដូច្នោះទេការធ្វើដំណើររបស់អ្នកនឹងបរាជ័យ។ នេះបើយោងតាមអ្នកទេសចរជនជាតិអង់គ្លេសម្នាក់គឺលោក Simon Cockerell មានបទពិសោធន៍ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន ១៨០ ដងបានចែករំលែកថា៖
ប្រសិនបើលោកអ្នកចង់ទៅលេងប្រទេសដ៏គួរឱ្យខ្លាចនេះ រឿងដែលសំខាន់បំផុតគឺអ្នកត្រូវជៀសវាងនូវអ្វីដែលអ្នកនិយាយ មិនគួរនិយាយសរសើរមេដឹកនាំប្រទេសនេះគ្រប់ទីកន្លែងទេ ហើយក៏មិនគួរនិយាយរិះគន់ ឬប្រៀបធៀបការរស់នៅរវាងកូរ៉េខាងត្បូង ឬកូរ៉េខាងជើងឡើយ។ លោក Simon បានបន្តទៀតថា នៅពេលជួបស្ថានការណ៍គ្រោះថ្នាក់ណាមួយអ្នកត្រូវបន្ទាបខ្លួនជានិច្ច។ លើសពីនេះអ្នកធ្វើដំណើរគួរតែស្រាវជ្រាវទិសដៅជាមុនដើម្បីងាយស្រួលរុករក និងអាចស្វែងរកប្រធានបទទូទៅនៅពេលនិយាយជាមួយអ្នកក្នុងតំបន់។ Simon បានពន្យល់ថា “អ្នកមិនអាចសួរពួកគេថាតើពួកគេថាធ្លាប់មើលរឿងក្រៅប្រទេសអត់? បានទេព្រោះពួកគេនឹងមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វី” ។
ចំពោះប្រធានបទបន្ទាប់ដែលភ្ញៀវមិនគួរនិយាយជាមួយអ្នកក្នុងតំបន់នោះគឺសាសនា ព្រោះប្រទេសនេះមិនមានការគោរពសាសនាណាមួយទេ។ Simon ចែករំលែកថា មនុស្សភាគច្រើនចូលចិត្តថតរូប ប៉ុន្តែនៅពេលមកដល់ប្រទេសនេះគួរកុំលើកទូរស័ព្ទថតរូបអី ដោយអ្នកត្រូវតែសុំការអនុញ្ញាតជាមុនសិន មុននឹងលើកកាមេរ៉ាថតរូបក្នុងតំបន់មួយៗបាន។ ហើយអ្វីដែលអ្នកទេសចរម្នាក់នេះចង់ដាស់តឿននោះគឺថា ភ្ញៀវអន្តរជាតិត្រូវតែគោរពច្បាប់របស់ប្រទេសនេះ សូមកុំបំពានច្បាប់ឱ្យសោះ ដោយសារប្រទេសកូរ៉េខាងជើងគឺមានច្បាប់តឹងរ៉ឹង ស្មុគស្មាញ ប៉ុន្តែគួរឱ្យទាក់ទាញបំផុត។
ជាងនេះទៅទៀតអ្នកទេសចរគួរកុំធ្វើដំណើរម្នាក់ឯងអី យល់ល្អគួរទៅជាមួយមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់ពេលវេលា ដើម្បីធានាថាគោលដៅទេសចរណ៍ស្របច្បាប់ និងមិនត្រូវដើរវង្វេងផ្លូវឡើយ។ គួរបញ្ជាក់ដែរថា Simon Cockerell គឺបុរសជនជាតិអង់គ្លេសបានទៅប្រទេសកូរ៉េខាងជើងច្រើនជាង ១៨០ ដងដើម្បីរៀបចំដំណើរកម្សាន្ត និងចែករំលែកបទពិសោធន៍របស់លោកក្នុងការស្នាក់នៅដោយគ្មានបញ្ហានៅពេលទៅទស្សនា។ អ្នកទេសចររូបនេះគឺជាអ្នកគ្រប់គ្រងនៅ Koryo Tours ដែលជាក្រុមហ៊ុនទេសចរណ៍ដែលមានឯកទេសក្នុងការនាំភ្ញៀវទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង៕










