តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីភោជនីយដ្ឋានប្រណីតប្រភេទ Fine Dining និយមដួសអាហារដាក់ចានឱ្យភ្ញៀវក្នុងបរិមាណតិចតួចរហូតដល់បរិភោគពុំឆ្អែត ប៉ុន្តែអាហារទាំងនេះបែរជាមានតម្លៃថ្លៃជាងអាហារទូទៅ ។ អាហារខ្លះទៀតមិនលើសពី១ស្លាបព្រាទេ ហើយដួសដាក់មាត់តែ១លើក អស់បាត់ទៅហើយ ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបកស្រាយរឿងនេះឱ្យលោកអ្នកអស់ចម្ងល់ ។
ភោជនីយដ្ឋានប្រណីតៗនិយមដាក់អាហារតិចបំផុតក្នុងចានឱ្យភ្ញៀវបរិភោគ គឺដោយសារមូលហេតុដូចខាងក្រោមនេះ ៖
១-អាហារក្នុងចាននីមួយៗបានចម្អិនពីសាច់, បន្លែ និងគ្រឿងផ្សំមានតម្លៃថ្លៃ ដែលគ្រឿងផ្សំទាំងនេះត្រូវបានគេជ្រើសរើសមកយ៉ាងល្អ ថែមទាំងចំណាយប្រាក់ច្រើនទិញទៀតផង ។ ហេតុនេះ វាមិនចម្លែកទេ ដែលចុងភៅដួសអាហារដាក់ចានតិចជាងមុន ដើម្បីឱ្យសមនឹងប្រាក់ដែលពួកគេបានចំណាយ ។
២-អាហារកាន់តែតិច កាន់តែមានតម្លៃថ្លៃ ហើយការដាក់អាហារក្នុងចានតូចៗនឹងងាយស្រួលរៀបចំជាងមុន និងធ្វើឱ្យវាមានតម្លៃថ្លៃសម្រាប់ភ្ញៀវ ។ ហេតុនេះ ការរៀបចំ ឬតុបតែងអាហារនឹងធ្វើឱ្យភ្ញៀវចាប់អារម្មណ៍ទាំងពណ៌អាហារ និងរសជាតិ ។
៣-យើងអាចបរិភោគអាហារបានច្រើនមុខក្នុងភោជនីយដ្ឋានប្រណីត ដោយសារអាហារមានគុណភាពខ្ពស់ ។ ការកាត់បន្ថយបរិមាណអាហារនឹងធ្វើយើងអាចបរិភោគអាហារសមល្មម និងគ្រប់ចានទាំងអស់ ។
៤-អាហារក្នុងចាននីមួយៗ គឺជាសិល្បៈរបស់ចុងភៅ ដូចជា ៖ អាហាររបស់បារាំងឈ្មោះ «Gargouillou» មានបន្លែផ្សំចូលគ្នាយ៉ាងហោចណាស់១៦មុខ ក្នុងចានតែមួយ ។ ចុងភៅមានតួនាទីធ្វើឱ្យអាហារស្រស់ស្អាតដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ ហើយអាហារបែបសិល្បៈនេះតែងតែមានតម្លៃថ្លៃជានិច្ច ។
៥-គ្រប់រសជាតិអាហារដែលបានបរិភោគនឹងធ្វើឱ្យយើងចងចាំ និងមិនធុញទ្រាន់ ។ ពេលយើងដួសអាហារដាក់ចូលមាត់លើកដំបូង វានឹងក្លាយជាអាហារមានរសជាតិឆ្ងាញ់បំផុតសម្រាប់យើង ប៉ុន្តែបើយើងបរិភោគវាកាន់តែច្រើន យើងនឹងគិតថា រសជាតិរបស់វាមិនសូវឆ្ងាញ់ ។ ហេតុនេះ ការដាក់អាហារតិចក្នុងចាននឹងធ្វើឱ្យយើងចូលចិត្តរសជាតិអាហារច្រើនជាង ។
៦-បរិមាណអាហារតិចជាងមុននឹងធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ថា វាជាអាហារដ៏ពិសេស ឬដូចគ្នានឹងវត្ថុពិសេសមានកំណត់ មានន័យថា វាត្រូវតែមានបរិមាណតិចជាងធម្មតា ។ ម្យ៉ាងទៀត វត្ថុមានតម្លៃត្រូវបានគេខ្ចប់ក្នុងប្រអប់តូចៗជានិច្ច ។
៧-វាជារឿងខុសធម្មតា និងធ្វើឱ្យអ្នកបរិភោគរំពឹងទុកខ្លាំង ពីព្រោះពេលយើងឃើញអាហារតិចក្នុងចាន យើងនឹងឆ្ងល់ថា ហេតុអ្វីទើបចុងភៅដាក់អាហារតិចបែបនេះ? ដូច្នេះ វាខុសគ្នាពីអាហារទូទៅ ហើយការបរិភោគអាហារតិចៗ ប៉ុន្តែច្រើនមុខ នឹងធ្វើឱ្យយើងចង់ដឹងថា តើចានបន្ទាប់ ជាអាហារអ្វី?
ហេតុនេះ អាហារមានបរិមាណកាន់តែតិច នឹងកាន់តែមានតម្លៃថ្លៃជាងអាហារធម្មតា ដោយសារចុងភៅបានសម្រិតសម្រាំងគ្រឿងផ្សំ និងសាច់ល្អៗមានគុណភាពសម្រាប់អ្នកបរិភោគ ។ ការបរិភោគអាហារតិច និងរៀបចំបែបសិល្បៈ នឹងធ្វើឱ្យយើងចងចាំ និងពុំអាចបំភ្លេចបាននូវរសជាតិរបស់វា ៕










