បើនិយាយពីសត្វគ្រោះថ្នា.ក់ នៅព្រៃអាម៉ាហ្សូន យើងគ្រប់គ្នានឹងនឹកឃើញដល់ពស់យក្សអាណាខុនដា, ត្រីពិរ៉ាន់យ៉ា និងក្រពើខេម៉េន ប៉ុន្តែសូមប្រាប់ថា នេះជាការគិតខុសទាំងអស់ ពីព្រោះនៅក្នុងព្រៃអាម៉ាហ្សូនមានសត្វគួរឱ្យខ្លា.ច ជាងនេះ ។
សត្វមានគ្រោះថ្នាក់ដែលធ្វើឱ្យអ្នកស្រុករស់នៅក្នុងតំបន់ភ័យខ្លាចបំផុត គឺត្រីមានខ្លួនតូចឈ្មោះ «Candiru» ។ ត្រីទាំងនេះបានរស់នៅក្នុងទន្លេអាម៉ាហ្សូន ហើយពេលពួកវាធំពេញវ័យនឹងមានទំហំខ្លួនវែងជាងម្រាមដៃមនុស្សបន្តិច, មានដងខ្លួនវែងដូចអន្ទង់ និងពណ៌ភ្លឺថ្លា ទើបធ្វើឱ្យយើងមើលមិនឃើញវាហែលក្នុងទឹក ។
ត្រី Candiru នឹងទម្លុះចូលក្នុងសាច់មនុស្ស រួចហើយ វាក៏ចាប់ផ្តើមស៊ីឈាមមនុស្ស ។ ក្រៅពីការស៊ីឈាម ត្រីប្រភេទនេះចូលចិត្តស៊ីទឹកនោមមនុស្សទៀតផង ។ ដូច្នេះ បើអ្នកណាម្នាក់ងូតទឹក និងនោមក្នុងទន្លេអាម៉ាហ្សូនដែលសម្បូរត្រីនេះរស់នៅ ពួកវានឹងតាមស៊ីទឹកនោមមិនខាន ។
កន្លងមក មនុស្សមួយចំនួនបានចុះងូតទឹកទន្លេអាម៉ាហ្សូន និងនោមក្នុងទឹក ស្រាប់តែត្រីទាំងនេះចូលក្នុងអវៈយវៈភេទរបស់ពួកគេ និងចូលទៅតម្រង់នោម ។ ករណីនេះមិនស្លាប់ទេ ប៉ុន្តែនឹងឈឺចាប់ធ្ងន់ធ្ងរ ទើបភ្ញៀវទេសចរសួរថា បើត្រីនេះចូលក្នុងតម្រង់នោមពួកគេ តើគួរដោះស្រាយបែបណា?
អ្នកស្រុកក្នុងតំបន់ប្រាប់ថា វិធីយកត្រីនេះចេញពីក្នុងខ្លួន គឺត្រូវងូតទឹកក្តៅ បន្ទាប់មក ត្រាំខ្លួនយើងក្នុងទឹកក្តៅលាយជាមួយផ្លែក្រូចសើច, ស្លឹកក្រូចសើច, ខ្ញី និងស្លឹកគ្រៃ ។ រីឯអ្នកជំនាញនិយាយថា បើភ្ញៀវទេសចរជួបបញ្ហានេះ ត្រូវតែឱ្យគ្រូពេទ្យវះកាត់យកត្រីចេញពីអវៈយវៈភេទ ។
យោងតាមឯកសារកត់ត្រានៅឆ្នាំ១៨២៩ របស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ផ្នែកជីវវិទ្យាបញ្ជាក់ថា បើចង់ចុះក្នុងទឹកដែលមានត្រីនេះរស់នៅ អ្នកស្រុកបានយកស្រកីដូងមកបិទបាំងអវៈយវៈភេទរបស់ពួកគេ ដើម្បីការពារការវាយប្រហាររបស់ត្រី Candiru ។
ក្រោយមក នៅឆ្នាំ១៨៥៥ អ្នកស្រាវជ្រាវជនជាតិបារាំងផ្នែកធម្មជាតិនិយាយថា អ្នកស្រុកបានដាស់តឿនថា កុំនោមដាក់ទឹកដាច់ខាត ពីព្រោះអាចត្រូវត្រីនេះវាយប្រហារអវៈយវៈភេទ ។ រីឯឯកសារចុងក្រោយនៅឆ្នាំ១៩៩៧ បញ្ជាក់ថា ត្រីនេះបានវាយប្រហារមនុស្សក្នុងតំបន់ព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ៕










