មហាសេដ្ឋីបច្ចេកវិទ្យាល្បីៗជាច្រើនរបស់ពិភពលោកដូចជា Mark Zuckerberg, Bill Gates, Jeff Bezos, Satya Nadella, និង Sundar Pichai តែងតែមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការបង្រៀនកូនៗរបស់ពួកគេឱ្យមានភាពវ័យឆ្លាត រហ័សរហួស និងវាងវៃ។ ទោះបីជាពួកគេមមាញឹកនឹងការងារបច្ចេកវិទ្យាក៏ដោយ ក៏តែងតែបង្រៀនកូនឱ្យជៀសវាងការប្រើប្រាស់ទូរស័ព្ទ ក៏ដូចជាកំណត់ពេលវេលាប្រើប្រាស់ស្មាតហ្វូន និងកុំព្យូទ័រ រហូតដល់ធ្វើការងារផ្ទះ ដោយមហាសេដ្ឋីទាំងនេះបានអនុវត្តវិធីសាស្ត្រចិញ្ចឹមកូនដូចខាងក្រោម៖
១.Mark Zuckerberg៖ នាយកប្រតិបត្តិ Meta បាននិយាយថា លោកមិនដែលឱ្យកូនៗរបស់លោកនៅមុខទូរទស្សន៍ ឬកុំព្យូទ័ររយៈពេលយូរនោះទេ។ ជាធម្មតាមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ តែងតែបង្រៀនកូនឱ្យចេះលេងតន្ត្រីនៅពេលទំនេរពីការសិក្សា និងផ្តល់ឧបករណ៍ដែលមានអេក្រង់ចុចសម្រាប់ពួកគេប៉ុណ្ណោះ ក៏ដូចជាតឹងរឹងជាមួយកូនៗក្នុងការប្រើស្មាតហ្វូន ដោយអនុញ្ញាតឱ្យក្មេងៗលេងស្មាតហ្វូនសម្រាប់តែហៅជាវីដេអូដើម្បីនិយាយជាមួយសាច់ញាតិប៉ុណ្ណោះ ក្រៅពីនេះគឺ Mark នឹងដកហូតស្មាតហ្វូនពីកូនៗមិនឱ្យលេងកម្មវិធីអ្វីផ្សេងៗទៀតឡើយ។
២. Bill Gates៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បាននិយាយថា លោកចិញ្ចឹមកូនរបស់លោកតាមជំនាន់មុនៗ ដោយផ្តោតលើការគ្រប់គ្រងអារម្មណ៍ កាត់បន្ថយប្រតិកម្មអវិជ្ជមាន និងការស្តីបន្ទោសជាដើម។ ទាក់ទងនឹងការលេងទូរស័ព្ទ លោក Gates មិនដែលឱ្យកូនៗរបស់លោកមានស្មាតហ្វូនប្រើនោះទេ រហូតដល់អាយុ ១៤ ឆ្នាំទើបលោកសម្រេចឱ្យកូនៗប្រើស្មាតហ្វូន ហើយក៏មិនអនុញ្ញាតឱ្យក្មេងៗប្រើញឹកញាប់ពេកដែរ ដោយបានហាមឃាត់កូនរបស់គាត់មិនឱ្យប្រើទូរស័ព្ទរបស់ពួកគេក្នុងអំឡុងអាហារពេលល្ងាចជារៀងរាល់ថ្ងៃ។
៣. Jeff Bezos៖ ស្ថាបនិក Amazon លោក Jeff Bezos វិញក៏បានប្រើប្រាស់វិធីសាស្ត្រចិញ្ចឹមកូនខុសប្លែកពីមហាសេដ្ឋីខាងលើ ដោយលោកបាននិយាយថា ក្នុងការចិញ្ចឹមកូនបួននាក់ លោកតែងតែអនុញ្ញាតឱ្យកូនៗរបស់លោកប្រើប្រាស់ស្មាតហ្វូន និងឧបករណ៍ឆ្លាតវៃតាំងពីមានអាយុ ៤ ឆ្នាំមកម្លេះ ដែលនេះនឹងនាំឱ្យកុមារមានការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្រើន ជាជាងកុមារដែលមិនដឹងអីសោះ។
៤. Satya Nadella៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បច្ចុប្បន្នមានកូនបីនាក់ បាននិយាយថា លោកបានរៀនពីរបៀបចិញ្ចឹមកូនតពីឪពុកម្តាយរបស់លោក ដោយសុំឱ្យកូនៗរាយការណ៍ពីអ្វីដែលពួកគេធ្វើនៅលើកុំព្យូទ័រ និងស្មាតហ្វូនប្រាប់លោកជារៀងរាល់ថ្ងៃ ហើយកំណត់ចំនួនភាពយន្ត ហ្គេម និងគេហទំព័រដែលពួកគេអាចមើលបាន។ ដោយវិធីនេះនឹងបង្កើតបរិយាកាសឱ្យកុមារសម្រេចចិត្តលឿននិងដឹងពីសកម្មភាពរបស់កុមារ ក៏ដូចជាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើអ្វីដែលកូនៗរបស់យើងត្រូវការដើម្បីរីកចម្រើន។
៥. Sundar Pichai៖ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បាននិយាយថា លោកតែងតែបង្រៀនកូនរបស់លោកឱ្យធ្វើកិច្ចការផ្ទះនៅពេលទំនេរពីការសិក្សា ក៏ដូចជាជួយពួកគេរៀបចំសម្អាតផ្ទះជាមួយគ្នា។ ហើយវិធីសាស្ត្រចិញ្ចឹមកូនរបស់លោកគឺមិនខុសគ្នាពីមហាសេដ្ឋី Bill Gates ប៉ុន្មានទេដោយហាមកុមារមិនឱ្យមានស្មាតហ្វូនប្រើប្រាស់ដូចគេ រហូតដល់កុមារធំពេញវ័យទើបផ្តលសិទ្ធឱ្យលេងស្មាតហ្វូន៕










