គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងស្ថិតក្រោមការសាងសង់យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងអភិវឌ្ឍន៍នេះ ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ ស្របពេលដែលបច្ចុប្បន្នសាងសង់បាន៤១ភាគរយ។
ការងារសំខាន់ៗនៃអាងទឹកដងកាំបិត ចែកចេញជា២ រួមមាន៖
ទី១.សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ
ទី២.សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ

ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕










