បើនិយាយពីដើមឈើមានអាយុរាប់ពាន់ឆ្នាំ តើលោកអ្នកនឹកឃើញដើមអ្វីមុនគេ? អ្នកខ្លះអាចនឹកឃើញដល់ដើមឈើមានទំហំធំៗ និងបែកមែកច្រើន ។ ប៉ុន្តែលោកអ្នកអាចមិនជ្រាបថា រុក្ខជាតិទាបៗដុះនៅជាប់ដី បែរជាមានអាយុរហូតដល់៣ពាន់ឆ្នាំ ។
វ៉េលវីដឈៀ (Welwitschia) គឺជាឈ្មោះរុក្ខជាតិបុរាណមួយប្រភេទ ដែលមានអាយុរហូតដល់ ៣ពាន់ឆ្នាំ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ ។ វាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាជារុក្ខជាតិអាចសម្របខ្លួនគ្រប់ស្ថានភាពទាំងអស់លើពិភពលោក ដោយសារអាចដុះលូតលាស់នៅលើសមុទ្រខ្សាច់រាំងស្ងួតបានល្អបំផុត ទើបគេដាក់ឈ្មោះថា «រុក្ខជាតិបិសា.ច សមុទ្រខ្សាច់» ។
ការដាក់ឈ្មោះរុក្ខជាតិនេះថា វ៉េលវីដឈៀ (Welwitschia) គឺដាក់តាមឈ្មោះរបស់លោក ព្រីឌីស វ៉េលវីដ (Friedrich Wellwitsch) អ្នកជំនាញរុក្ខជាតិ ជនជាតិអូទ្រីស (Austria) ។ លោកបានឃើញរុក្ខជាតិនេះលើកដំបូងនៅតំបន់អេនកូរ៉ា ក្នុងឆ្នាំ១៨៥៩ ហើយរុក្ខជាតិនេះមានឈ្មោះជាភាសាអាហ្វ្រិកថា «Tweeblaar Kanniedood» មានន័យថា ជារុក្ខជាតិមានស្លឹកចំនួន២ និងគ្មានថ្ងៃងាប់ ។
រុក្ខជាតិនេះមានដើមទាបដុះនៅជាប់ដី និងមានស្លឹកវែងពណ៌ខៀវលាយបៃតង ចំនួន២ ដែលស្រដៀងគ្នានឹងសត្វពស់ ។ ស្លឹករបស់វាកាន់តែរីកធំរហូតដល់៤ម៉ែត្រ ហើយរូបរាងរបស់វាពុំផ្លាស់ប្តូរទេ តាំងពីសម័យបុរាណមកម៉្លេះ ។ ប៉ុន្តែយើងឃើញវាមានស្លឹកច្រើន គឺដោយសារខ្យល់បក់ខ្លាំង ទើបធ្វើឱ្យស្លឹកចំនួន២ របស់វាបែកខ្ញែក ។
អ្នកជំនាញសន្និដ្ឋានថា រុក្ខជាតិ «វ៉េលវីដឈៀ» អាចមានអាយុលើសពី១ពាន់ឆ្នាំ ហើយដើមខ្លះទៀតមានអាយុរហូតដល់ ៣ពាន់ឆ្នាំ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺវាមិនត្រឹមតែមានអាយុវែងប៉ុណ្ណោះទេ ប៉ុន្តែវាអាចដុះលូតលាស់លើវាលខ្សាច់ «ណាមីត» ដ៏រាំងស្ងួតបំផុតលើពិភពលោក ខណៈតំបន់ខ្លះរបស់វាលខ្សាច់ណាមីត មានបរិមាណទឹកភ្លៀងតិចតួចបំផុតក្នុង១ឆ្នាំ ។

រីឯមូលហេតុធ្វើឱ្យរុក្ខជាតិនេះអាចដុះលូតលាស់លើវាលខ្សាច់បានល្អ ដោយសារវាមានឫសវែងបំផុត និងអាចចោះទៅក្រោមក្នុងជម្រៅ៣០ម៉ែត្រ ដើម្បីស្វែងរកប្រភពទឹកក្រោមខ្សាច់ ។ ក្រៅពីនេះ ស្លឹករបស់វាអាចស្រូបយកទឹកសន្សើមពេលយប់បានច្រើនជាងរុក្ខជាតិផ្សេងទៀត ។
រុក្ខជាតិនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបើតាមការស្រាវជ្រាវពីរុក្ខជាតិនេះបង្ហាញថា វាអាចដុះលូតលាស់ជាមួយបរិស្ថានពុំអំណោយផលអស់ជាច្រើនលានឆ្នាំ ។ តំណពូជរបស់វាបានផ្លាស់ប្តូរដើម្បីឱ្យដើមអាចដុះលូតលាស់បាន និងពុំចាំបាច់ពឹងផ្អែកលើបរិស្ថានច្រើនដូចរុក្ខជាតិផ្សេងៗ ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានព្យាយាមរកអាថ៌កំបាំងរបស់រុក្ខជាតិខាងលើ ដើម្បីយកមកអនុវត្តជាមួយរុក្ខជាតិផ្សេងទៀតឱ្យដុះលូតលាស់ល្អក្នុងបរិស្ថានមិនអំណោយផល ៕










