គម្រោងសាង់សង់ស្ពានអាកាស គង់ សំអុល ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់តាំងពីឆ្នាំ២០២២ ក៏ប៉ុន្តែរំលងផុត២ឆ្នាំទៅហើយ គម្រោងនេះនៅតែមិនទាន់ចេញរូបរាងនៅឡើយ។
ជុំវិញករណីនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងថា៖” ដំបូងឡើយការសាងសង់ ស្ពានអាកាស គង់ សំអុល អាចចាប់ផ្ដើមអនុវត្ដយ៉ាងរលូន ក៏ប៉ុន្តែដោយសារតែនៅឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលនឹងធ្វើការផ្ទេរទីតាំងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកកាន់ទីក្រុងតាខ្មៅវិញ ហេតុដូច្នេះការកកស្ទះចរាចរ ត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្សី និងមហាវិថី សម្តេចចៅហ្វាវាំង គង់ សំអុល និងផ្លូវ ២០១១ ក៏នឹងត្រូវកាត់បន្ថយមួយកម្រិតធំ ជាហេតុធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានតម្រូវការចាំបាច់ ក្នុងអទិភាពសម្រាប់ការសាងសង់ស្ពានអាកាសនេះ”។
គួរបញ្ជាក់ផងដែរថា គម្រោងសាង់សង់ស្ពានអាកាសគង់ សំអុល មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រប្រវែងទទឹងតួស្ពាន ១៥.៨ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០ ស្ថិតនៅផ្លូវប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេច ចៅហ្វាវាំង គង់ សំ អុល (ផ្លូវ២០០៤) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៕










