ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា សន្ទស្សន៍សកម្មភាពបរិស្ថាន (EPI) ប្រចាំឆ្នាំ២០១៤ របស់សាកលវិទ្យាល័យ Yale បានចាត់ចំណាត់ថ្នាក់ស្តង់ដារអនាម័យ និងទឹកនៅប្រទេសផ្សេងៗ ដោយពិចារណាពីផលប៉ះពាល់សុខភាព និងទឹកផឹកគ្មានសុវត្ថិភាព ជាពិសេស ហានិភ័.យនៃការឆ្លងបាក់តេរីបណ្តាលឱ្យរាគរូស ។
របាយការណ៍ការចាត់ចំណាត់ថ្នាក់បញ្ជាក់ថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានទឹកស្អាត និងសុវត្ថិភាពបំផុតលើពិភពលោក ក្នុងចំណោមការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ ដោយសារសិង្ហបុរីមានអនាម័យខ្ពស់ និងជាប្រទេសនាំមុខគេលើពិភពលោក ក្នុងការកម្ចាត់ និងយកទឹកស្អុយមកប្រើប្រាស់ឡើងវិញ ។ វាជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការប្រើប្រាស់ទឹកដោយមានសុវត្ថិភាព ។
ការចាត់ចំណាត់ថ្នាក់ហានិភ័យសុខភាពដែលពាក់ព័ន្ធនឹងទឹក និងអនាម័យរបស់ប្រទេសនីមួយៗ គឺនឹងទទួលបានពិន្ទុផ្អែកតាមផលប៉ះពាល់សុខភាពក្នុងរយៈពេល១ឆ្នាំ ឬអង្គការសុខភាពពិភពលោក (WHO) ហៅថា «ការប៉ះពាល់សុខភាពប្រចាំឆ្នាំ» ។ ពិន្ទុខ្ពស់បំផុតស្មើនឹង១០០ពិន្ទុ មានន័យថា ជាការប៉ះពាល់សុខភាពតិចបំផុតលើពិភពលោក ខណៈសូន្យពិន្ទុ មានន័យថា ការប៉ះពាល់សុខភាពខ្លាំងបំផុតលើពិភពលោក ។
ប្រទេសសិង្ហបុរីបានទទួលចំណាត់ថ្នាក់ទី១ ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន ប្រចាំឆ្នាំ២០២៤ ដោយសិង្ហបុរីទទួលបានពិន្ទុខ្ពស់រហូតដល់៩៩,៩ពិន្ទុ និងវ៉ាដាច់អ៊ីតាលី និងអង់គ្លេស ដែលប្រទេសទាំងពីរទទួលបានពិន្ទុត្រឹមតែ៩៨,២ពិន្ទុប៉ុណ្ណោះ ។ បន្ទាប់មក គឺប្រទេសស្វីស និងអាល្លឺម៉ង់ ទទួលបាន៩៨ពិន្ទុ និង៩៧,៩ពិន្ទុ តាមលំដាប់ ។
ចំណែកប្រទេសជាប់ចំណាត់ថ្នាក់ចុងក្រោយបង្អស់ក្នុងរបាយការណ៍សន្ទស្សន៍សកម្មភាពបរិស្ថាន គឺភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក ដូចជា ៖
-ម៉ាដាហ្គាស្ការ ១២,៩ពិន្ទុ
-នីហ្សេរីយ៉ា ១២,២ពិន្ទុ
-ឡេសូតូ ៩,៤ពិន្ទុ
-សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic) ៨,៩ពិន្ទុ និង
-ឆាដ ៤,៣ពិន្ទុ ។
រីឯចំណាត់ថ្នាក់ទឹកស្អាតរបស់ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖
-ព្រុយណេ ទី២៧
-ម៉ាឡេស៊ី ទី៩០
-វៀតណាម ទី៩៤
-ថៃ ទី១០០
-ហ្វីលីពីន ទី១១១
-កម្ពុជា ទី១១៤
-មីយ៉ាន់ម៉ា ទី១២២
-ឥណ្ឌូណេស៊ី ទី១២៨ និង
-ឡាវ ទី១៣១ ។
របាយការណ៍នេះបញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់ទឹកស្អាត មានន័យថា ពលរដ្ឋគ្រប់រូបអាចប្រើប្រាស់ទឹកស្អាត, ការត្រៀមទុកទឹកស្អាត និងគុណភាពទឹកដែលគ្រួសារនីមួយៗប្រើប្រាស់សម្រាប់សុខភាព ព្រមទាំងតម្រូវការទឹកស្អាតរបស់គ្រួសារក្នុង១ថ្ងៃ ។ ហេតុនេះ ពលរដ្ឋនឹងអាចប្រើប្រាស់ទឹកស្អាតយ៉ាងងាយស្រួល និងគ្មានការចម្លងមេរោគ ជាពិសេស ការបំពុលពីទឹកស្អុយ ៕










