កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន។
បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
- ឈ្មោះ ស.គ.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស
- ឈ្មោះ ថ.ស.រ.ព ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស
- ឈ្មោះ ល.ម.ឃ ជនជាតិខ្មែរ មុខរបរសិស្ស
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣រូបបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន៕












