នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មានគម្រោងនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។
តាមរយៈឃ្លីបវីដេអូជាភាសាចិនមួយ ដែលបានបង្ហោះតាមបណ្តាញសង្គមថា៖”សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា”។
ជុំវិញករណីនេះ ក្រសួងការពារជាតិ បានចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុត ដែលជាទង្វើដែលមិនអាចអត់ឱនឱ្យបាន។
ជាមួយគ្នានេះ ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ ឱ្យបានជាដាច់ខាត៕











