សត្វឆ្កែត្រូវបានគេចាត់ទុកថាជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ព្រោះពួកវាច្រើនតែមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន វាងវៃ ស្តាប់បង្គាប់ និងគួរឱ្យស្រឡាញ់ ប៉ុន្តែឆ្កែក៏ត្រូវការឱ្យអ្នកយកចិត្តទុកដាក់ ក៏ដូចជាមើលថែវាឱ្យបានច្រើនផងដែរ ជាហេតុធ្វើឱ្យអ្នកឆាប់ធុញទ្រាន់នឹងហត់នឿយក្នុងការថែទាំពួកវា។ ទោះជាយ៉ាងណាពូជឆ្កែទាំង ៦ ប្រភេទនេះគឺងាយស្រួលចិញ្ចឹមបំផុត ដោយអ្នកមិនចាំបាច់ថែទាំពួកវាច្រើននោះទេ ហើយសម្រាប់អ្នកដែលស្រឡាញ់សត្វ និងមានគម្រោងចង់ទិញឆ្កែមកចិញ្ចឹមអាចជ្រើសរើសពូជឆ្កែដូចខាងក្រោម៖
១.Basenji៖ ពូជឆ្កែ Basenji គឺមានដើមកំណើតនៅអាហ្វ្រិកកណ្តាល ជាឆ្កែដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនងាយខឹង ចិត្តធ្ងន់ មិនចូលចិត្តរំខានអ្នកណានោះទេ ប៉ុន្តែពេលខ្លះក៏ទៅញ៉ោះម្ចាស់វាម្តងម្កាលដែរ។ Basenji គឺជាពូជឆ្កែដែលងាយស្រួលចិញ្ចឹមបំផុត និងមិនចាំបាច់ហត់នឿយក្នុងការមើលថែវានោះទេ។
២. Basset Hound៖ Basset Hounds គឺជាសត្វឆ្កែដែលងាយស្រួលចិញ្ចឹម ពូកែអត់ធ្មត់ ស្ងប់ស្ងាត់ និងចូលចិត្តដេក ហើយតែងតែរត់លេងម្នាក់ឯង ដោយមិនរំខានដល់អ្នកណាឡើយ។
៣. Boston Terrier៖ ជាពូជឆ្កែតូចៗស៊ីតិច មិនសូវមានក្លិន គឺជាឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការថែរក្សា។ ប៉ុន្តែអាចពិបាកក្នុងការហ្វឹកហាត់បន្តិចដោយសារពួកវាមានមាឌតូចពេក ទោះជាយ៉ាងណាពួកវាជាប្រភេទឆ្កែដែលមានអាកប្បកិរិយាល្អ។
៤. Cavalier King Charles Spaniel៖ គឺជាឆ្កែរួសរាយរាក់ទាក់ងាយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ស្លូតបូត រហ័សរហួន ឆ្លាតវៃ និងងាយសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសជុំវិញខ្លួន។ ពួកវាអាចរស់នៅបានគ្រប់ទីកន្លែងពីផ្ទះធំទៅផ្ទះតូច ងាយស្រួលហ្វឹកហាត់ និងមិនចាំបាច់មើលថែច្រើនពេកនោះទេ។
៥. Dachshund៖ គឺជាពូជឆ្កែដែលចូលចិត្តធម្មជាតិ មានទំនាក់ទំនងល្អជាមួយសត្វដទៃ ជាឆ្កែចរិតល្អរួសរាយរាក់ទាក់ មិនចេះព្រុសផ្តេសផ្តាសឡើយ និងតែងតែស្វាគមន៍មនុស្សគ្រប់គ្នា ប៉ុន្តែជាឆ្កែឯករាជ្យអាចពិបាកក្នុងការហ្វឹកហាត់បន្តិច។
៦. Labrador៖ សម្រាប់អ្នកស្រឡាញ់សត្វឆ្កែពូជធំ Labrador គឺជាសត្វឆ្កែមួយក្នុងចំណោមសត្វឆ្កែដែលងាយស្រួលបំផុតក្នុងការចិញ្ចឹម។ ពួកវាមានចរិតលក្ខណៈស្លូតបូត ស្មោះត្រង់ ពូកែលេងសើច រហ័សរហួន វាងវៃ ងាយស្រួលក្នុងការហ្វឹកហាត់ និងតែងតែស្តាប់បង្គាប់ម្ចាស់របស់វាជានិច្ច គឺជាសត្វចិញ្ចឹមដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក៕










