ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិននឹងផ្តល់ប្រាក់ឧបត្ថម្ភលើសមុនទ្វេដង ដើម្បីជំរុញឱ្យពលរដ្ឋរបស់ខ្លួនយករថយន្តចាស់ៗមកប្តូររថយន្តថ្មី ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺពលរដ្ឋមកអាចយករថយន្តចាស់របស់ពួកគេមកប្តូរយករថយន្តអគ្គិសនី និងរថយន្តប្រេងឥន្ធនៈថ្មី ។
សារព័ត៌មាន China Xinhua News បានរាយការណ៍ កាលពីថ្ងៃទី១៦ ខែសីហា ថា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ចំនួន៦ នៅប្រទេសចិនបានចេញសេចក្តីប្រកាសថា រដ្ឋាភិបាលនឹងបង្កើនវិធានការជំរុញផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យពលរដ្ឋឈប់ប្រើប្រាស់រថយន្តចាស់ៗ និងប្តូរមកទិញរថយន្តថ្មី ។
សេចក្តីប្រកាសនេះបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋលើសមុនទ្វេដងសម្រាប់ការទិញ-លក់រថយន្ត ឬយករថយន្តចាស់មកប្តូររថយន្តអគ្គិសនីថ្មី ខណៈកន្លងមក រដ្ឋាភិបាលចិនផ្តល់ប្រាក់ឧបត្ថម្ភចំនួន១ម៉ឺនយាន់ (ឬស្មើ១.៤២៨ដុល្លារអាមេរិក) មកស្មើនឹង២ម៉ឺនយាន់ (ឬស្មើ២.៨៥៧ដុល្លារអាមេរិក) ។ 
រីឯការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការទិញរថយន្តប្រេងឥន្ធនៈ ក៏កើនឡើងផងដែរ គឺកើនពី៧.០០០យាន់ (ឬស្មើ១.០០០ដុល្លារអាមេរិក) ទៅ១៥.០០០យាន់ (ឬស្មើ២.១៤២ដុល្លារអាមេរិក) ។ គោលនយោបាយនេះបានផ្តល់ប្រាក់សម្រាប់ពលរដ្ឋដែលបានដាក់ពាក្យស្នើសុំប្រាក់ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។
បើតាមឯកសារបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីថ្មីដឹកអ្នកដំណើរនៅប្រទេសចិន គឺស្មើជិត៥លានគ្រឿង ខណៈការលក់រថយន្តប្រេងឥន្ធនៈដឹកអ្នកដំណើរ ស្មើប្រមាណ៦លាន៥សែន៧ម៉ឺនគ្រឿង គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ តួលេខនេះបានកើនឡើង៣៣,៧% និងធ្លាក់ចុះ១៥% តាមលំដាប់ បើប្រៀបធៀបប្រចាំឆ្នាំ ។
ទោះយ៉ាងណា ការខ្វះខាតតម្រូវការមានប្រសិទ្ធភាព គឺជាបញ្ហាប្រឈមមួយសម្រាប់សេដ្ឋកិច្ចចិន ហើយការកំណត់គោលនយោបាយខាងលើ គឺដើម្បីលើកកម្ពស់ការទិញរថយន្តថ្មី ។ របាយការណ៍លទ្ធផលការងាររបស់រដ្ឋាភិបាលចិន ប្រចាំឆ្នាំ២០២៤ កំណត់ថា នឹងគាំទ្រគម្រោងពាណិជ្ជកម្មទំនិញប្រើប្រាស់ដើម្បីជំរុញតម្រូវការក្នុងប្រទេស ៕










