កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤នេះ អ្នកគាំទ្រជាច្រើនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមរណៈភាពរបស់ លោក Alain Delon តារាសម្តែងជនជាតិបារាំង ដែលត្រូវបានគេស្គាល់លោកតាមរយៈបារីម៉ាក អាឡាំង ដឺឡុង ដ៏ល្បីល្បាញអំឡុងទសវត្សឆ្នាំ១៩៩០-២០០០។
លោក អាឡាំង ដឺឡុង ប្រសូត្រនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ១៩៣៥ ជាតារាសម្តែងជនជាតិបារាំង ទន្ទឹមនឹងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងលើវិថីសិល្បៈនាសតវត្សទី ២០ ជាពិសេសគឺផ្នែកភាពយន្ត។ ជាមួយនឹងរូបរាងស្រស់សង្ហារ អាប្បកិរិយាល្អឥតខ្ចោះ ព្រមជាមួយនឹងភាពប៉ិនប្រសប់ អាឡាំង ដឺឡុង ទទួលបាននូវប្រជាប្រិយភាព និងបានក្លាយទៅជានិមិត្តរូបរបស់មនុស្សគ្រប់គ្នានៅលើពិភពលោក។
លោកអាឡាំង ដឺឡុង បានលើកមុខមាត់ប្រទេសបារាំងទាំងមូលនៅលើឆាកអន្តរជាតិ ស្របពេលដែលភាពល្បីល្បាញរបស់លោកបានខ្ទរខ្ទារទៅក្រៅប្រទេស ជាពិសេសគឺនៅប៉ែកអាស៊ី។ បារីម៉ាក Alain Delon ត្រូវបានគេដាក់តាមឈ្មោះរបស់លោក ហើយម៉ាកយីហោបានលេចចេញជារូបរាងឡើងនាទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្រុមហ៊ុនយក្ស British American Tobacco ខណៈក៏លក់ដាច់ខ្លាំង ជាពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។
យ៉ាងណាមិញ ដំណឹងដ៏សោកសង្រេងមួយកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ នេះពីកូនៗរបស់លោកផ្ទាល់បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងបានឲ្យដឹងថា លោកអាឡាំង ដឺឡុង បានទទួលមរណៈភាពទៅហើយ។
កូនប្រុសម្នាក់របស់លោកបាននិយាយថា ថា ឪពុកខ្លួនបានធ្វើរោគវិនិច្ឆ័យកាលពីដើមឆ្នាំ ២០២៤ និងបានរកឃើញថា លោកអាឡាំង ដឺឡុង បានកើតមានជម្ងឺមហារីកកូនកណ្តុរប្រភេទ B។ ស្របពេលដែលរយៈពេលមួយឆ្នាំចុងក្រោយនេះ សុខភាពរបស់លោកកាន់តែយ៉ាប់យឺនខ្លាំងឡើង និងមិនអាចទ្រទ្រង់បានរហូតដល់បាត់បង់ជីវិតផងដែរ៕










