កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤នេះ នៅឯភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទការការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទង តាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។ 
ជាមួយគ្នានោះ ក៏រួមមានក្បួនដង្ហែរយ៉ាងមហាឡារិកក្នុងចំណោមជនជាតិដើមភាគតិច មានទាំងក្មេងចាស់ ប្រុសស្រី និងស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេយ៉ាងសមសួនសឹងតែគ្រប់ៗគ្នា ក៏ដូចជាមានប្រារព្ធនូវកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។
យ៉ាងណាមិញ មិនមែនមានតែនៅក្នុងខេត្តមណ្ឌលគិរីមួយនោះទេដែលបានប្រារព្ធនូវទិវានេះ ខណៈក៏នូវមានខេត្តផ្សេងៗទៀតដែលមានជនជាតិដើមភាគតិចរស់នៅក៏បានប្រារព្ធនូវទិវានេះប្រចាំខេត្ត\ក្រុងពួកគេរៀងៗខ្លួនដែរ តួយ៉ាងដូចជា ខេត្តព្រះវិហារ, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង,ខេត្តរតនគិរីជាដើម។
គួរបញ្ជាក់ថា នៅពាសពេញសកលលោក នៅរៀងរាល់ឆ្នាំក្នុងថ្ងៃទី៩ សីហា ជាពេលវេលាដ៏រីករាយ និងអធិកអធមបំផុតសម្រាប់ជនជាតិដើមភាគតិចដើម្បីចូលរួមអបអរសាទរនិងប្រារព្ធទិវាអន្តរជាតិពិភពលោករបស់ខ្លួនស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេនៅសឹងគ្រប់បណ្ដាប្រទេសដែលមានជនជាតិដើមរស់នៅជាអចិន្ត្រៃយ៍។ គួរកត់សម្គាល់ទិវានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដោយបានកំណត់យកថ្ងៃទី ៩ សីហា ជាទិវាអន្តរជាតិពិភពលោករបស់ជនជាតិដើមភាគតិច តាមរយៈសេចក្ដីប្រកាសលេខ ៤៩/២១៤ ដែលចុះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ១៩៩៤។ 
យោងតាមអង្គការជនជាតិដើមភាគតិចនៅកម្ពុជាបានឲ្យដឹងថា គោលដៅរួមនៃការប្រារព្ធទិវាអន្ដរជាតិជនជាតិដើមនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទិសដៅដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងវិស័យសំខាន់ៗដូចជាវិស័យ វប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាដើម។ លើសពីនេះ ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សហការគ្នាដើម្បីធានាប្រសិទ្ធភាពការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិរក្ស៕










