ប្រិយមិត្តអ្នកតាមដានមួយចំនួនជ្រាបមកហើយថាតារាសម្តែងរូបសង្ហា ប៊ឺរី បានជំពប់ស្នេហ៍អ្នកជំនួញអនឡាញ ម៉ាដាម ដា បន្ទាប់ពីមានឱកាសបានរួមការងារជាមួយគ្នាស្របពេល ម៉ាដាម ដា ទើបបែកបាក់គូស្នេហ៍ភេទដូចគ្នា។ ក្រោយពីប្រកាសជាសាធារណៈអ្នកទាំងពីរបានបង្ហើបគម្រោងអនាគតចង់បានកូនភ្លោះ និងការរៀបការជាមួយគ្នាទាំងស្រុកខ្មែរនិងស្រុកបារាំង។
គេចាំបានថាកាលពីល្ងាចថ្ងៃទី៨ សីហា តារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គម ប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ ការប្រកាសបើកចំហចំណងស្នេហ៍នេះមានទាំងមតិវិជ្ជមាននិងអវិជ្ជមានសម្រាប់អ្នកទាំងពីរដោយសារតែ ម៉ាដាម ដា ទើបចែកផ្លូវគ្នាគូស្នេហ៍មានទំនាក់ទំនង៨ឆ្នាំជាមួយប៉ាអយដែលជាជនជាតិថៃ។ លើសពីនេះតារាសម្តែង ប៊ឺរី ក៏លេចធ្លាយនូវរឿងចម្រូងចម្រាសសម្ព័ន្ធភាពជាមួយតារាចម្រៀង ជូឌី។

ទោះយ៉ាងណា ចាត់តាំងពីប្រកាសទំនាក់ទំនងមកគេបានឃើញគូស្នេហ៍តារានិងអ្នកលក់អនឡាញរូបនេះបញ្ចេញភាពផ្អែមល្ហែមជាប់ និងLive លក់ផលិតផលនិងទៅណាមកណាស្អិតរមួតជាប់ជានិច្ច។ លើសពីនេះគ្រាន់តែប្រកាសស្នេហ៍ជាមួយ ប៊ឺរី មិនទាន់បានប៉ុន្មានផង ម៉ាដាម ដា ពោលចង់បានកូនភ្លោះព្រោះនាងចង់បានជាយូរមកហើយ។
មិនត្រឹមតែមានគម្រោងចង់បានកូនភ្លោះតែប៉ុណ្ណោះទេ ម៉ាដាម ដា ក៏បានទម្លាយប្រាប់អ្នកគាំទ្រត្រួសៗពីការរៀបការរបស់ពួកគេធ្វើនៅពីរប្រទេសគឺប្រទេសខ្មែរនិងបារាំង។ 
អ្នកជំនួញរូបនេះបានបង្ហាញថា ដោយសារតែនាងកាន់សាសនាគ្រិស្ត គឺនាងចង់រៀបការនៅក្នុងព្រះវិហារ ខណៈទីក្រុងប៉ារីស ប្រទេសបារាំងគឺជាកន្លែងក្នុងក្តីស្រមៃរបស់ខ្លួនតាំងពីតូចមកម្ល៉េះ៕










