ពលរដ្ឋសិង្ហបុរីយ៉ាងហោចណាស់ ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីជួយកាត់បន្ថយថ្លៃចំណាយផ្សេងៗនៃការរស់នៅប្រចាំថ្ងៃ។
ក្រសួងហិរញ្ញវត្ថុរបស់សិង្ហបុរី បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែសីហានេះថា ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី២១ ឆ្នាំឡើងទៅ ដែលរកប្រាក់ចំណូលបានតិចជាង ៧៥,៥០០ ដុល្លារអាមេរិកក្នុង ១ ឆ្នាំ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល។ ទឹកប្រាក់ចន្លោះពី ១៥១ ដល់ ៣០៥ ដុល្លារអាមេរិក នឹងត្រូវផ្តល់ឲ្យអាស្រ័យទៅលើការវាយតម្លៃប្រាក់ខែជាក់ស្តែងរបស់អ្នកទទួល។
យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន CNA បានឲ្យដឹងថា ពលរដ្ឋវ័យជំទង់របស់សិង្ហបុរី ប្រមាណនឹង ២.៤លាននាក់ នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលតាមរយៈកញ្ចប់ធានារ៉ាប់រង ស្របតាមប្រសាសន៍របស់លោក Lawence Wong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
លោក Wong បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ អតិផរណាបានស្ថិតនៅក្នុងកម្រិតមធ្យម ដែលនាំឲ្យកំណើនសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយប្រាក់ចំណូលប្រជាពលរដ្ឋក៏បានធ្លាក់ចុះដែរ។ យ៉ាងណាមិញ នៅឆ្នាំ២០២៤នេះ រដ្ឋាភិបាលសិង្ហបុរីរំពឹងថា ស្ថានភាពនេះនឹងប្រសើរឡើងវិញ ខណៈបានបន្ថែមនូវការគាំទ្រដល់អ្នកដែលមានប្រាក់ចំណូលទាប ដើម្បីទប់ទល់នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលផងដែរ៕










